កូរ៉េសន្យាបង្កើនកូតាពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសរបស់ខ្លួន

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េបានបង្កើនចំនួនកូតាពលករកម្ពុជាឲ្យបានកាន់តែច្រើន ឱ្យទៅធ្វើការនៅប្រទេសរបស់ខ្លួន លើជំនាញវិជ្ជាជីវៈនិងវិស័យជាច្រើន។

រាជរដ្ឋាភិបាកម្ពុជានិងកូរ៉េបានសម្រេចចុះកិច្ចព្រមព្រៀងរួមគ្នាស្តីពី«ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារសាធារណៈ ឬហៅថា PES System» ក្រោមគម្រោង Korea-Cambodia WorkNet ដំណាក់កាលទី២ (២០១៩-២០២០)នៅទីស្ដីក្រសួងការងារ នាថ្ងៃរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីឈានទទួលពលករកម្ពុជាឲ្យបានកាន់តែច្រើនក្នុងការបំរើការងារនៅក្នុង ប្រទេសកូរ៉េ។

លោក យ៉ាង ស៊ុងជុន (Yang Seung-jun) ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអភិវឌ្ឍ នៃក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េបានអៈអាងថា ពលករកម្ពុជាសមត្ថភាពការងារហើយមានភាពឧស្សាហ៍ព្យាយាមចេះអត់ធ្មត់នឹងការងារ ព្រមទាំងមានអត្តចរិតល្អចំពោះអ្នករួមការងារថែមទៀតផង។ លោកបង្ហាញថា ដោយមូលហេតុនេះហើយទើបរដ្ឋាភិបាល កូរ៉េនៅតែបន្តទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។
ឯកឧត្តអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថា កម្ពុជា-កូរ៉េមានទំនាក់ទំនងល្អជាមួយគ្នា និងជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយភាគីកូរ៉េបានទទួលពលករកម្ពុជាទៅធ្វើការនៅទីនោះជាបន្តបន្ទាប់ ខណៈមកដល់បច្ចុប្បន្ននេះចំនួនពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ បានកើនដល់ប្រមាណជិត ៦ម៉ឺននាក់។
ឯកឧត្តរដ្ឋមន្ត្រីបានបន្តថា តាមរយៈការធ្វើដំណើរទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកូរ៉េដើម្បីទៅសួរសុខទុក្ខរបស់ពលករកម្ពុជានៅប្រទេសកូរ៉េកន្លងមក ឯកឧត្តមសង្កេតឃើញថាពលករកម្ពុជានៅទីនោះពិតជាបានរស់នៅយ៉ាងសុខសប្បាយ មានការគិតគូរយ៉ាងត្រឹមត្រូវ និងទទួលបានប្រាក់ឈ្នួលខ្ពស់ថែមទៀត ដែលជួយជំរុញជីវភាពរស់នៅរបស់ពួកគេ និងគ្រួសារកាន់តែល្អប្រសើរឡើងនៅឯស្រុកកំណើត៕