វិមានក្រឹមឡាំង៖ រាល់កិច្ចទំនាក់ទំនងរបស់ ពូទីន នៅកិច្ចប្រជុំកំពូល G 20 គឺផ្តោតលើវិបត្តិអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — ទីប្រឹក្សាព័ត៌មានរបស់លោក ពូទីន លោក Dmitry Peskov បាននិយាយកាលពីថ្ងៃ​អាទិត្យថា រាល់ទំនាក់ទំនងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជាមួយដៃគូនៅកិច្ច​ប្រជុំ​កំពូលនាពេលខាងមុខនៃក្រុមប្រទេស G-20 នៅទីក្រុងអូសាកា នឹងផ្តោតលើកិច្ចប្រឹង​ប្រែង​​​ដោះស្រាយវិបត្តិអន្តរជាតិ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធីទូរទស្សន៍រុស្ស៊ី «ទីក្រុងមូស្គូ-វិមានក្រឹមឡាំង-ពូទីន »នៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 ថា «ខ្ញុំមិននឹកស្មានថា វានឹងក្លាយជាចំណុចផ្តោតសំខាន់នៃទំនាក់ទំនងសម្រាប់ប្រធានាធិបតីទាំងអស់ ដែលត្រូវបាន​គេ​គ្រោង​ និងរៀបចំឡើងនោះទេ »។

ទោះបីជាយ៉ាងណាក៏ដោយលោកបានបដិសេធមិននិយាយ ថាតើលោក ពូទីន ​នឹងជួប​ប្រជុំជាមួយសមភាគីអាម៉េរិករបស់លោក គឺលោក ដូណាល ត្រាំ នៅឯទីក្រុងអូសាកាទេដែរ។ លោកបាននិយាយថា ចូរយើងរង់ចាំមើលសិន។

កិច្ចប្រជុំកំពូលក្រុម G-20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Osaka ប្រទេសជប៉ុន​ ចាប់ពី​ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា។ ទាំងលោក ពូទីន និងលោក ត្រាំ ត្រូវបានគេរំពឹងថា​ នឹងមាន​វត្តមាននៅទីនោះ។ ប្រទេសជប៉ុននឹងកាន់កាប់តំណែងប្រធាននៅក្នុងកិច្ចប្រជុំកំពូលក្រុមG-20 នេះជាលើកដំបូង៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )