លោក Pompeo កត់សម្គាល់ពី «លទ្ធភាពពិតប្រាកដ» នៃកិច្ចចរចា កម្រិតការងារជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo បាននិយាយថា អាចមាន «លទ្ធភាព​ពិតប្រាកដ» សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងក្នុងការបន្តកិច្ចចរចានុយក្លេអ៊ែរ​កម្រិតការ​ងារ​របស់ពួកគេ បន្ទាប់ពីមេដឹកនាំរបស់ពួកគេត្រូវបានផ្លាស់ប្តូរសំបុត្រផ្ទាល់ខ្លួន។

យោងតាមក្រសួងការបរទេសលោក Pompeo ក៏បាននិយាយនៅក្នុងសុន្ទរកថារបស់​លោកទៅកាន់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកត្រៀមខ្លួនចូលរួមចរចា ជា​មួយកូរ៉េខាងជើងនៅពេលដែលមានសេចក្តីជូនដំណឹងជាមុន ប្រសិនបើកូរ៉េខាងជើងបង្ហាញ​ថា ខ្លួនត្រៀមរួចរាល់ហើយនោះ។

ការកត់សម្គាល់នេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាង​ជើង​បានរាយការណ៍ថា មេដឹកនាំលោក គីម ជុង-អ៊ុន បានទទួលសំបុត្រផ្ទាល់ខ្លួនមួយ ជាមួយ « ខ្លឹមសារដ៏ល្អ និងគួរឱ្យចាប់អារម្មណ៍ » ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ កាលពី​ដើមខែនេះដែរ លោក ត្រាំ ក៏ទទួលបានលិខិតមួយពីលោក គីម ដែលលោកហៅថា «ស្អាត» និង «កក់ក្តៅណាស់» ។

លោក Pompeo បាននិយាយនៅពេលគេសួរអំពីលទ្ធភាពនៃកិច្ចចរចា​កម្រិតការងារ​ជាមួយកូរ៉េខាងជើង ដោយចាប់ផ្តើមឡើងវិញនាពេលអនាគតថា យើងបានធ្វើការងារ ដើម្បី​ដាក់មូលដ្ឋានគ្រឹះសម្រាប់បញ្ហានេះចាប់តាំងពីទីក្រុងហាណូយមក។ យើងគិតថា​ យើងស្ថិត​នៅ​ក្នុងកន្លែងល្អប្រសើរជាងមុន ហើយខ្ញុំយល់ឃើញថា ការកត់សម្គាល់ដែលអ្នកបានឃើញ​ពីកូរ៉េខាងជើងនៅព្រឹកនេះបង្ហាញថា វាអាចជាលទ្ធភាពពិតប្រាកដ។

ដោយបន្ថែមថា យើងត្រៀមខ្លួនរួចជាស្រេចហើយ។ យើងត្រៀមខ្លួន​ដើម្បីចាប់ផ្តើមនៅ​ពេល​មានការជូនដំណឹងជាមុន ប្រសិនបើកូរ៉េខាងជើងបង្ហាញថា ពួកគេត្រៀមខ្លួនសម្រាប់​ការពិភាក្សានោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )