សម្តេចពញាចក្រី ហេង សំរិន និងភរិយា សម្តែងក្តីរន្ធត់ចំពោះការបាក់អគារនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ២៤ ០៦ ២០១៩៖


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានសម្តែងក្តីរន្ធត់ចំពោះការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយបានសម្លាប់មនុស្ស និងបង្ករងរបួសជាច្រើននាក់។


សារលិខិតរំលែកទុក្ខរបស់សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី២៤ ខែមិថុនានេះ បានបញ្ជាក់ថា សម្តេចនិងភរិយា ព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយយ៉ាងក្រៃលែងបំផុតចំពោះ សោកនាដកម្មនៃការរលំបាក់អគារកម្ពស់៧ជាន់ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានកម្មករ កម្មការិនី បម្រើការងារនៅការដ្ឋាននោះបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ សារលិខិតរបស់សម្តេចពញាចក្រី បានបន្តថា «ខ្ញុំ និងភរិយា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតទាំងអស់បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់បងប្អូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសសូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកប្រកបជីវភាពរស់នៅជាប្រក្រតីឡើងវិញ»។
តាមរបាយការណ៏បស់ក្រុមសង្គ្រោះបន្ទាន់ បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំនេះ ក្រុមប្រតិបត្តិការសង្គ្រោះ បានរកឃើញចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន២៥នាក់(ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប(ស្រី២នាក់) ខណៈក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕