ក្រសួងអប់រំត្រៀមរើសនាយកសាលា និងគ្រូបង្រៀនគំរូដើម្បីឲ្យការសិក្សារបស់សិស្សកាន់តែប្រសើរ

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី
ភ្នំពេញ: ក្រសួងអប់រំត្រៀមជ្រើសរើសនាយកសាលារៀនល្អ និងគ្រូបង្រៀនល្អ ដើម្បីឲ្យការសិក្សារបស់សិស្សកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងវិស័យអប់រំ យុវជន និងកីឡា។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយនីតិវិធីនៃការវាយតម្លៃនាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ សាលារៀនស្អាត និងអង្គភាពផ្តល់សាវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅថ្ងៃទី១៧ ខែមិថុនានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការជ្រើសរើសនេះនឹងជួយដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលិកអប់រំ ការអភិវឌ្ឍរបស់គ្រូបង្រៀននិងអ្នកគ្រប់គ្រង ព្រមទាំងការលើកកម្ពស់ការបំពេញការងាររបស់នាយកសាលារៀន និងការផ្តល់សេវានៅតាមសេវាសាធារណៈនៅតាមរៀន និងការបញ្ជ្រាបវិធីសាស្ត្រនៃការបង្កើនកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា នៅថ្ងៃអនាគត ក្រសួងមិនត្រឹមតែជ្រើសរើស នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ សាលារៀនស្អាត និងអង្គភាពផ្តល់សាវាសាធារណៈគំរូក្នុងវិស័យអប់រំប៉ុណ្ណោះទេ ក្រសួងនឹងឈានទៅជ្រើសរើសនាយកសាលាគរុកោសល្យឆ្នើម ប្រធានមន្ទីរឆ្នើម ឬអាចឈានទៅជ្រើសរើសប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌឆ្នើមថែមទៀតផង ខណៈក្រសួងកំពុងពិចារណាសម្រេចដាក់ឲ្យដំណើរការជាផ្លូវការនូវការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង នៅតាមសាលាបឋមសិក្សាសាធារណៈ។
បើតាមការឲ្យដឹងរបស់ឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការជ្រើសរើសនេះធ្វើឡើងតាមរយៈការអនុវត្តចលនាប្រឡងប្រណាំង សាលាស្អាត និងការវាយតម្លៃលើការអនុវត្តជាក់ស្តែងនៅតាមសាលារៀនទាំងផ្នែកការងាររដ្ឋបាល ការងារអប់រំ ឧបករណ៍បច្ចេកទេស គ្រូឧទ្ទេស វិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងលទ្ធផលសិក្សារបស់សិស្ស ជាដើម។
គួររំឭកថា កន្លងមក ក្រសួងបានបង្កើតឧបករណ៍រង្វាយតម្លៃនាយកសាលារៀនល្អ ដើម្បីទទួលបានពានរង្វាន់ប្រចាំឆ្នាំ ដោយផ្អែកលើលក្ខណវិនិច្ឆ័យ១០ដូចជា ចំណេះដឹងមូលដ្ឋាន សមត្ថភាពជំនាញ ការរៀបចំផែនការ ការដឹកនាំការរៀននិងបង្រៀន ការអភិវឌ្ឍខ្លួនឯង ការគ្រប់គ្រងសាលារៀន ការធានាគណនេយ្យភាព ការពង្រឹងទំនាក់ទំនងសហគមន៍ ក្រមសីលធម៌វិជ្ជាជីវៈ និងលទ្ធផលគ្រប់គ្រង ដើម្បីធានាថា ការជ្រើសរើសនេះបានឆ្លើយតបនឹងការលើកកម្ពស់ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍអាជីពរបស់គ្រូបង្រៀន៕