អង្គការមូលនិធិកុមារកម្ពុជាផ្តល់ឱកាសដល់ក្មេងរើសសំរាមស្ទឹងមានជ័យមានលទ្ធភាពទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
ភ្នំពេញ ៖ អង្គការមូលនិធិកុមារកម្ពុជាផ្តល់ឱកាសដល់ក្មេងរើសសំរាមស្ទឹងមានជ័យ មានលទ្ធភាពទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី ដើម្បីផ្តល់ឱកាសដល់ពួកគេបានអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លំាងក្នុងការកែប្រែអនាគតឲ្យបានល្អសម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ។
អង្គការមូលនិធិកុមារកម្ពុជាបានផ្តល់អាហារូបករណ៍ដល់ ប្អូនស្រី រ៉ុន សុភី អតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ ឲ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៤ឆ្នាំលើជំនាញBachaelor of Art នៅសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលីដើម្បីជំរុញឲ្យក្មេងស្រីម្នាក់នេះមានសមត្ថភាពកាន់តែខ្លាំងនិងក្លាយជាធនធានកាន់តែសំខាន់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ការសម្រេចចិត្តផ្តល់អាហារូបករណ៍នេះ ដោយសារតែនាងជាក្មេងស្រីក្រីក្ររស់នៅក្នុងគំនរសំរាមស្ទឹងមានជ័យ ហើយខិតខំរៀនសូត្រជំនៈរាល់ឧបសគ្គនានាធ្វើឲ្យនាងក្លាយជាក្មេងរៀនពូកែ ទទួលបានពិន្ទុល្អជារៀងរាល់ឆ្នាំ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ប្អូនស្រី រ៉ុន សុភី អតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ បានសន្យាប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងពូកែដើម្បីយកចំណេះដឹងដែលបានមកពីការសិក្សានៅក្រៅប្រទសនេះមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ ប្អូនស្រីបានអៈអាងថា ការទទួលបានអាហារូបករណ៍នេះពុំមែនជារឿង
ចៃដន្យនោះទេ តែវាជាការកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរៀនសូត្រកន្លងមកទំាងនៅ សាលារៀននិងនៅក្នុងអង្គការ ។
ប្អូនស្រីបានបន្តថា ចាប់តាំងពីប្អូនបានចូលមករស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា (CCF) ប្អូនស្រីទទួលបានជោគជ័យនិងពិន្ទុល្អក្នុងការសិក្សាជាប់ជាប្រចាំ រហូតដល់ទទួលបានឪកាសនិងសមត្ថភាពខ្ពស់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ។
សម្លេង ៖ Scholarship គេឲ្យអង្គការគឺខ្ញុំដឹងយូរហើយតែខ្ញុំអត់ទាន់ Apply ទេ ដោយសារគេតម្រូវឲ្យចប់ថ្នាក់ទី១២មុនចឹងហើយទាល់តែខ្ញុំចប់ទី១២នឹងបានខ្ញុំApply ពេលApplyអត់គិតថាខ្លួនឯងមានសង្ឃឹមថាជាប់ទេ ចេះតែថា Apply ទៅ ព្រោះអីខ្ញុំគិតថាជាប់ធ្លាក់គឺជាបទពិសោធន៍មួយ វាមើលមិនឃើញទេពេលខ្លះគេហៅថាសំណាងហុចឱ្យ អញ្ចឹងខ្ញុំចេះតែខំប្រឹង រួចហើយក៏បានជាប់Scholarship ហ្នឹងមក ។
សូមបញ្ចាក់ថា នេះជាលើកទីមួយហើយដែលអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា (CCF) មានសិស្សទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ដោយគ្រោងចេញដំណើរនៅដើមខែក្រោយនេះ ៕