ក្រសួងរៀបចំដែនដីបានសម្រេចបញ្ជូនមន្រ្តីជំនាញភ្លាមៗ ទៅត្រួតពិនិត្យករណីបាក់រំលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចបញ្ជូនមន្រ្តីជំនាញភ្លាមៗ ទៅត្រួតពិនិត្យករណីបាក់រំលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមនុស្ស មួយចំនួនបានស្លាប់ រងបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយករដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមិថុនានេះថា ឯកឧត្តម បានដឹកនាំក្រុមការងារជំនាញមួយឆ្ពោះទៅកាន់ខេត្តព្រះស៊ីហនុហើយ ដើម្បីត្រួតពិនិត្យសា្ថន ភាពនានាជុំវិញករណីដែលបណ្តាលអោយមានការបាកស្រុតរំលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារនេះនឹងសហការជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធ រួមទំាងស្នងការនគរបាលខេត្តព្រះសីហនុដើម្បីចុះវាយតម្លៃរកមូលហេតុដែលនាំឲ្យអគារកម្ពស់៧ជាន់នេះបាក់និងពិនិត្យទិដ្ឋភាពច្បាប់និងបទដ្ឋានបច្ចេកទេសសំណង់ថែមទៀតផង។


សម្លេង«យើងកំពុងតែពិនិត្យមើលឥលូវចេញទៅតាមផ្លូវហើយ ហើយកំពុងធ្វើកិច្ចសហការជា មួយស្នងការខេត្ត តិចទៀតនឹងបញ្ជូនព័ត៌មានផ្លូវការតាមផេកផ្លូវការរបស់ក្រសួងដែនដី»។
លោកឱ សារឿន ប្រធានមន្ទីរព័ត៌មាននិងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ កំពុងសង្គ្រោះកាយ យកជនរងគ្រោះចេញពីក្នុងគំនរបាកនៃសំណង់អគារនេះ ខណៈក្រុមការងារបានរកឃើញជនរង គ្រោះជាកម្មករខែ្មរបានចំនួន១៨នាក់ ក្នុងនោះស្លាប់ចំនួន៤នាក់។


លោកបញ្ជាក់ថា ក្រុមការងារនឹងបន្តកាយរុករកជនរងគ្រោះបន្តទៀត ដោសសង្ស័យថា នៅមាន កម្មករជាង១០នាក់ទៀតកំពុងជាប់នៅក្នុងគំនរបាកបែកនេះអគារ។
សម្លេង«តាមការឲ្យដឹងពីកម្មករដែលស្នាក់នៅក្នុងអគារបាក់បែកនេះ បានឲ្យដឹងថា មានកម្មករ ខ្មែរស្នាក់នៅប្រហាក់ប្រហែល៣០នាក់ ក្រុមការងារ កំពុងតែកាយរុករក ហើយជួបការលំបាក បន្តិចដែរដោយភ្លៀងរលឹម។ និយាយរួមទៅអគារនេះគឺសាងសង់បណ្តើររត់ច្បាប់បណ្តើរគាត់ មិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវទេក្នុងការសាងសង់ឡើង។
សូមបញ្ជាក់ថា ករណីបាក់រំលំអគារ៧ជាន់នៅខេត្តព្រះសីហនុនេះបានកើតឡើងនៅវេលាម៉ោងជិត៥ព្រឹកព្រលឹមនា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។
អគារនេះនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុជារបស់ជនជាតិចិនដែលបានជួលដីទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ ហើយសង់បានប្រហែល៨០ភាគរយ៕