ផ្ទះការ៉ាអូខេលក្ខណៈ គ្រួសារ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖

ផ្ទះការ៉ាអូខេ លក្ខណៈ គ្រួសារ ១កន្លែង ដែលមានយីហោ ៣១ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យ បានឆាបឆេះនៅវេលាម៉ោង ១នឹង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ បានបណ្តាលឲ្យខូចខាតសម្ភារៈ ក្នុងផ្ទះទាំងស្រុង ខណៈម្ចាស់មិននៅ ។


តាមប្រភពពីអ្នកជិតខាងផ្ទះរងគ្រោះបានឲ្យដឹងថា ដោយនៅម៉ោង១រសៀល ជាធម្មតាម្ចាស់ផ្ទះបានឌុបចៅទៅរៀន ហើយនៅថ្ងៃហេតុនេះ គ្មានភ្ញៀវមកច្រៀង ដូចសព្វដងទេ។ ប្រភពបន្តថា បន្ទាប់មក គាត់ក៏ឃើញផ្សែង និងអណ្តាតភ្លើង ចេញពីក្នុងផ្ទះការ៉ាអូខេ ខាងលើ ដែលសាងសង់អំពីឈើខាងលើ និងថ្មខាងក្រោម។ ភ្លាមៗនោះ អ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បី យករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ទប់ស្កាត់ភ្លើង កុំឲ្យឆេះរាល់ដាលបន្ត ទៅលំនៅដ្ឋានដទៃទៀត ។ ប៉ុន្តែ ដោយសារអំណាចភ្លើងខ្លាំងពេក បានធ្វើឲ្យផ្ទះការ៉ាអូខេលក្ខណៈគ្រួសារ ខាងលើ ឆេះអស់ទាំងស្រុង តែមិនមានបង្ក គ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។


តាមប្រភពពីសមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ហួរ ហួយ មុខរបរ ជាអ្នកបើកការ៉ាអូខេ អាយុ ៦៣ឆ្នាំ ។
ប្រភពដដែល អះអាងថា អគ្គីភ័យនេះ បានធ្វើឲ្យឆេះផ្ទះអស់ទាំងស្រុងចំនួន ០១ខ្នងផ្ទះ មានទំហំ ៧មx១២ម ស្មើនឹង ០៤បន្ទប់ និងខូចខាតសម្ភារៈក្នុងផ្ទះ អស់ទាំងស្រុង ។ ទន្ទឹមនឹងនោះ ភ្នាក់ងារពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តចំនួន ០៤គ្រឿង គឺ ៖ រថយន្តខេត្ត ០៣គ្រឿង និងរថយន្តស្រុកកំពង់សៀមចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹក ចំនួន ១២ឡាន ដើម្បី អន្តរាគមន៍អគ្គិភ័យនេះ ៕