លោក ស៊ី បានរំពឹងថា នឹងបង្ហាញពីសម្ព័ន្ធមិត្តដ៍រឹងមាំជាមួយកូរ៉េខាងជើង នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ –លោក ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅថ្ងៃសុក្រនេះ នៅវិមានឯក-រាជ្យទីក្រុងព្យុងយ៉ាង ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរនៅថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សម្ព័ន្ធមិត្តដែលជិតខាងមួយនេះ។

បន្ទាប់ពីធ្វើទស្សនកិច្ចនៅឯអាគារមិត្តភាពនៃរំលឹកការចូលរួមរបស់ចិន នៅក្នុងសង្គ្រាមកូរ៉េ ដើម្បី គាំទ្រដល់កូរ៉េខាងជើង លោក ស៊ី ត្រូវគេរំពឹងថា នឹងមានកិច្ចប្រជុំអាហារថ្ងៃត្រង់​មួយ​ជាមួយមេដឹកនាំ  កូរ៉េខាងជើងលោក គីម ជុង-អ៊ុន មុននឹងធ្វើដំណើរទៅកាន់មាតុប្រទេសវិញ។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថា មេដឹកនាំទាំងពីរបានធ្វើកិច្ចចរចានៅឯ​កិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ ដែល​លោក​ ស៊ី បាននិយាយថា ប្រទេសចិននឹងជួយ​ដោះស្រាយ​បញ្ហាសន្តិសុខរបស់   កូរ៉េខាងជើង ហើយលោក គីម បាននិយាយថា លោកនឹងប្រឹង​ប្រែងអត់ធ្មត់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយ​បញ្ហា​នៅឧបទ្វីបកូរ៉េនេះ។

កាលពីថ្ងៃព្រហស្បតិ៍លោក ស៊ី និងភរិយារបស់លោក គឺលោក Peng Liyuan រួមជា​មួយលោក គីម និងភរិយារបស់លោកឈ្មោះ Ri Sol-ju ក៏បានចូលរួមក្នុងការសម្ដែងកាយវិការ​ជាក្រុមនៅឯកីឡដ្ឋាន May Day ក្រុងព្យុងយ៉ាងដែលមានចំណងទាក់ទងយ៉ាងរឹងមាំ​រវាងចិន និងកូរ៉េខាងជើង។

នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី បានសម្តែងការគាំទ្រ ចំពោះ​ដំណោះ​ស្រាយ «នយោបាយ »នៃបញ្ហាឧបទ្វីបកូរ៉េ និងបានសន្យាថា នឹងដើរតួនាទីវិជ្ជមាន និង «ស្ថាបនា» ក្នុងការសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបនេះ។

ទីភ្នាក់ងារសាព័ត៌មានស៊ីនហួបាននិយាយថា លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនមាន     ឆន្ទៈក្នុងការផ្តល់ជំនួយតាម​សមត្ថភាព​របស់ខ្លួនសម្រាប់កូរ៉េខាងជើង ដើម្បី​ដោះ​ស្រាយបញ្ហាសន្តិសុខ និងការអភិវឌ្ឍ​ស្រប​ច្បាប់​របស់ខ្លួន … ហើយដើរតួនាទីវិជ្ជមាន និងប្រកបដោយការស្ថាបនាក្នុងការសម្រេច​ឱ្យ​មាន​ការរំសាយ​អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។

ពួកគេនិយាយថា ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ក៏អាចប្រើប្រាស់ទស្សនកិច្ចនេះ ធ្វើជាឱកាស ដើម្បីទាញយកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត​របស់លោក មុនពេលឆ្ពោះទៅរកការចរចានុយក្លេអ៊ែរបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងពង្រឹងមូលដ្ឋានអំណាចផ្ទៃក្នុងរបស់លោកផងដែរ៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )