ឯកឧត្ដមឃួង ស្រេង ព្រមានដកតំណែងមន្ដ្រីណាទៅកាងបនល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ -នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង និងប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា និងសមាជិក១៦រូប អាណត្តិទី៣ កាលពីរសៀលថ្ងៃព្រសហ្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បើមន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនឹងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោស និងប្រឈមការដកតំណែង។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីក្រោមឱវាទ ទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឱ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់បុណ្យស័ក្តិជាមិនខាន។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឱ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឱ្យបានល្អ ចាប់ពីពេលនេះតទៅ ។ ល្បែងស៊ីសងខុសច្បាប់ទាំងនោះមានមន្ដ្រីនៅមូលដ្ឋាន ទៅកាង និងទទួលសំណូកពីគេហើយការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅទីនោះគឺរៀបចំមិនកើតនោះទេ ។

នៅក្នុងឱកាសនោះដែល  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ទំាងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យពេចន៍ គ្មានខ្លឹមសារ និងខុសទម្រង់បែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលនេះគឺជាការការពារតម្លៃវប្បធម៌ជាតិ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម។

សូមបញ្ជាក់ថា ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានចំនួន៧ សង្កាត់ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២៕

ដោយសួស សំរិត