ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបរិបូណ៌ អាណត្តិទី៣

AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបរិបូណ៌ អាណត្តិទី៣ ចំនួន១៧រូប ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល​នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអជ្ញាធរដែនដីជាច្រើនរូបទៀត។

លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌ អាណតិ្តទី៣ បានប្ដេជ្ញាចិត្តថា​ ក្នុងនាមក្រុមប្រឹក្សាស្រុកបរិបូណ៌ សូមប្ដេជ្ញាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ របស់​ប្រជាពលរដ្ឋឱ្យ​បាន​ទាល់​ពេលវេលា​ ពិសេស​ការ​ផ្តល់​សេវា​សាធារណៈ​ផ្សេងៗ​ ។​ លោក​​បាន​បន្ត​ថា​ ទាក់ទិន​ការងារ​រក្សា​សន្តិសុខ​ និង​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន  បានមានប្រសាសន៍ថា ទោះបីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី តែក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តការងារ ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកចូលកាន់ដំណែងថ្មី ត្រូវខិតខំបំពេញការងារសម្រេចបាននូវសមទ្ធិផលថ្មីៗ ថែមទៀត ។ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ ឯកឧត្តមបានកោតសរសើរដល់ ក្រុមប្រឹក្សាស្រុកអាណត្តិទី២ និងគណៈអភិបាលស្រុកបរិបូណ៌ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាការពារ និងប្រជាពលរដ្ឋទូទាំងស្រុកដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការ ផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការពង្រឹងសន្តិភាព សិ្ថរភាពនយោបាយសង្គម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់អាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ចំពោះ សំណង់អាណាធិបតេយ្យ នៅក្នុងទីរួមស្រុក និង តាមបណ្តោយផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់សោភណភាពតាមដងផ្លូវ ដែលភ្ញៀវធ្វើដំណើរឆ្លងកាត់ទៅមក ព្រមទាំងងាយទទួលរងគ្រោះថ្នាក់ចរាចរណ៍ទៀតផង។

ឯកឧត្តមក៏បានលើកឡើងពីយន្តការមួយចំនួនដែលជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្ត ការងាររបស់សមាជិកក្រុមប្រឹក្សា អំពីគោលការច្បាប់ អង្គការវិន័យ ក្រមសីលធម៌ ក្នុងនោះ ដោយសង្កត់ធ្ងន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព សំខាន់លើការបង្រ្កាបរាល់បទល្មើសព្រៃឈើ បទល្មើសនេសាទ បំបាត់កុង ត្រូលជជុះ និងការកាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់តំបន់ ធម្មជាតិ ។ ក្តាប់ឱ្យបានអំពីប្រជាពលរដ្ឋធ្វើចំណាកស្រុក និងចំណូលថ្មី នៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ រួមទាំងបញ្ហាគ្រឿងញៀន និងសុំឱ្យ បញ្ឈប់នូវវប្បធម៌អន្តរាគមន៍ គឺអ្នកដែលប្រព្រឹត្តបទល្មើស ត្រូវទទួលទោសតាមច្បាប់។ ដូច្នេះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីអ្នកមុខអ្នកការ និង ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបរិបូណ៌ ត្រូវខិតខំបំពេញការងាររួមគ្នា ដើមី្បសម្រេចបាន នូវសមទ្ធិផលថ្មីថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕

ដោយ បៃ ស៊ីថុន