រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA បើកសិក្ខាសាលាពិគ្រោះយោបល់ ជុំវិញផែនការមេកែលម្អប្រព័ន្ធលូ និងទឹកសម្អុយនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​ — រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ JICA បានបើកសិក្ខាសាលាពិគ្រោះយោបល់ជុំវិញ ផែនការមេកែលម្អប្រព័ន្ធលូ និងទឹកសម្អុយ នៅរាជធានីភ្នំពេញ ដើម្បីប្រមូលនូវមតិយោ បល់ល្អៗនានាលើគម្រោងកែលម្អប្រព័ន្ធលូ និងទឹកសម្អុយ សម្រាប់កែលម្អគម្រោងជំហានទី៤ និងទី៥បន្ដទៀត។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន  អភិបាលរងរាជធានីភ្នំពេញ និងលោក Sugnano Yuichi ប្រធានតំណាងការិយាល័យចៃកា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង អាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា អង្គការចៃកា គឺជាអង្គការមួយដែលបានជួយ រាជធានីភ្នំពេញ ច្រើនលើការកែលម្អប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ គម្រោងកែលម្អប្រព័ន្ធលូជំហានទី១ បានធ្វើឡើងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤។ ជំហានទី២ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០។ ជំហានទី៣ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ហើយគម្រោងទាំង៣នេះបានបញ្ចប់ហើយ និងបានបន្តគម្រោងទី៤ទៀត ដោយចាប់ ផ្តើមអនុវត្តន៍គម្រោងនេះចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ហើយគម្រោងនេះដែរ បាន និង កំពុងដាក់លូមេនៅខណ្ឌដូនពេញ និងនៅក្នុងខណ្ឌទួលគោក។

លោក នួន ផារ័ត្ន បានបន្ដថា នៅរាជធានីភ្នំពេញតាមគម្រោងនៅឆ្នាំ២០២១ គឺក្រោយពីបញ្ចប់ជំហានទី៤នេះសង្ឃឹមថា តំបន់មួយចំនួនខាងលើនឹងលែងទទួលរង ការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងទៀតហើយ។  លោក នួន ផារ័ត្ន បានបញ្ជាក់ថា អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញសាធារណជនឱ្យ បានឃើញពីផែនការ យុទ្ធសាស្ត្រដែលបានពង្រៀងឡើងក្រោយពីសិក្សាយ៉ាងលម្អិត។ ជាងនេះទៅទៀតអង្គសិក្ខា សាលានេះ ក៏បានធ្វើឡើងដើម្បីប្រមូលមតិយោបល់ និងធាតុផ្សំបញ្ចូលទៅក្នុងគម្រោង ដើម្បីយកទៅអនុវត្តន៍ឱ្យបានជោគជ័យផងដែរ។

លោកបន្ដថា ផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញរួមមានផែនការ៥ឆ្នាំ ផែនការ៣ ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំ។ ដូច្នេះទេយើងត្រូវអនុវត្តន៍ផែនការនេះឱ្យត្រួតស៊ីគ្នាទៅតាម គម្រោង ប្លង់គោល២០៣៥។ ផែនការរំដោះទឹកលិចលង់នៅភ្នំពេញ យើងមិនមែនគិតតែតំបន់នៅ ភ្នំពេញនោះទេ គឺត្រូវនិយាយពីតំបន់ជុំវិញភ្នំពេញ។  ប្លង់មេរបស់យើងមាន៣គឺ៖ ទី១.ប្លង់មេលើការកែលម្អ ប្រព័ន្ធលូប្រឡាយទឹកកខ្វក់នៅភ្នំពេញ។ ទី២.ប្លង់មេលើការកែលម្អ ចរាចរណ៍ និងប្រព័ន្ធដឹកជញ្ជូន និងទី៣.ប្លង់មេរាជធានីភ្នំពេញឆ្នាំ២០៣៥ទាំងមូល។ អនុវត្តន៍តាមប្លង់មេនេះតំបន់ដែលបានអនុវត្តន៍ឃើញថា ទទួលបានលទ្ធផលល្អពោលគឺ លែងទទួលរងការលិចលង់ទៀត៕ ដោយ សួស សំរិត