កូរ៉េខាងត្បូងជំរុញឱ្យមានកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅមុនឬក្រោយកិច្ចប្រជុំកំពូល G – 20

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិលោក Suh Ho បាននិយាយថា កូរ៉េខាងត្បូងកំពុង​ជំរុញ​ឱ្យរៀបចំជំនួបកំពូលអន្តរកូរ៉េមួយ នៅមុន ឬបន្ទាប់ពីកិច្ចប្រជុំ​G-20 នៃបណ្តាមេដឹកនាំ​ពិភពលោកនៅសប្តាហ៍ក្រោយ​ ដើម្បីជួយបំបែកភាពជាប់គាំងនៅក្នុង​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។

នៅក្នុងបទសម្ភាសន៍មួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ជាមួយទីភ្នាក់ងារសារព័ត៌​មានយ៉ុនហាប លោក ស៊ូ បានមានប្រសាសន៍ថា ទីក្រុងសេអ៊ូលចាំបាច់ត្រូវមាន​ដំណោះ​ស្រាយ​​ដ៏ឈ្លាសវៃមួយ ដើម្បីបន្តគម្រោងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនមានដូចជាតំបន់ឧស្សាហកម្ម​ដែលត្រូវបានបិទទ្វារ នឹងដំណើរទស្សនកិច្ចទៅកាន់ភ្នំគុមហ្គាង នៅក្នុងដំណើរការនៃការធ្វើ​មិន​ឱ្យមាននុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង។

លោក Suh បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងរបស់លោក ​ចាប់តាំងពី​លោក​ចូលកាន់តំណែងកាលពីខែមុននេះថា កិច្ចប្រជុំG-20 ត្រូវបានគ្រោងទុកនៅចុងខែនេះ ដែលនឹងត្រូវធ្វើឡើងដោយកិច្ចប្រជុំ​កំពូល​រវាងកូរ៉េខាងត្បូងនិងអាម៉េរិក។ រដ្ឋាភិបាលនឹង​ជំរុញ​ឱ្យធ្វើកិច្ចប្រជុំកំពូលអន្តរកូរ៉េ​ដែល​នឹងត្រូវធ្វើឡើងនៅមុន ឬក្រោយព្រឹត្តិការណ៍ដ៏ធំ​បែប​នេះ។

លោកប្រធានាធិបតីលោក Moon Jae-in បាននិយាយម្តងហើយម្តងទៀតនៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ហើយថា ​វា​ល្អជាងប្រសិនបើកិច្ចប្រជុំបែបនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើជាមួយ​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទីក្រុងសេអ៊ូលនោះ។

លោក Moon សង្ឃឹមថា នឹងប្រើប្រាស់កិច្ចប្រជុំថ្មីមួយ​ជាមួយលោក គីម​ ដែលជាកិច្ចប្រជុំ​កំពូលលើកទី៤ ចាប់តាំងពីឆ្នាំមុន ដើម្បីជួយឱ្យការចរចានុយក្លេអ៊ែរដែលជាប់គាំងរវាងទីក្រុង​ព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរម្តងទៀត​បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈ​ពេល​ជា​ច្រើនខែ បន្ទាប់ពីកិច្ចចរចាកាលពីខែកុម្ភៈ រវាងលោក ត្រាំ និងលោក គីម។

ការកង្វះវឌ្ឍនភាពនៃកិច្ចចរចានុយក្លេអ៊ែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង​អន្តរ​កូរ៉េ​ផងដែរ ស្របពេលដែលទីក្រុងព្យុងយ៉ាងនៅតែមិនឆ្លើយតបនឹងការជំរុញរបស់ទីក្រុង​សេអ៊ូល ចំពោះគម្រោង សហប្រតិបត្តិការឆ្លងកាត់ព្រំដែន។ ហើយក៏ទីក្រុងព្យុងយ៉ាង មិនបាន​ឆ្លើយតបទៅនឹងការផ្តល់ជូនរបស់ទីក្រុងសេអ៊ូលសម្រាប់ការសន្ទនាគ្នាទេដែរនោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )