លោក ស៊ី ចេញដំណើរទៅកាន់កូរ៉េខាងជើង ចំពេលមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ — លោក ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិនបានចេញដំណើរទៅកាន់ប្រទេស​កូរ៉េខាង​ជើង​​នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងដំណើរទស្សនកិច្ចដ៏អស្ចារ្យមួយ ដែលទំនងជាគូស​បញ្ជាក់ពីសម្ព័ន្ធមិត្ត​ជា​ប្រពៃណីរបស់ប្រទេសក្នុងគ្រាមានការកើនឡើងនៃការប្រកួតប្រជែងរវាង​ចិន​ និងអាម៉េរិក​លើ​ផ្អែកពាណិជ្ជកម្ម និងផ្នែកខាងភូមិសាស្ត្រនយោបាយដ៏ទៃទៀត។

វាជាដំណើរទស្សនកិច្ចលើកដំបូង ហើយទៅកាន់កូរ៉េខាងជើងដោយប្រមុខរដ្ឋចិន​ ក្នុង​រយៈពេល១៤ឆ្នាំ ហើយជាលើទី៥ ចាប់តាំងពីទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងបានបង្កើត​ទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៤៩។ បន្ទាប់មកប្រធានាធិបតីចិន លោក ហ៊ូ ជីនតាវ បានទៅ​ទស្សនាទីក្រុងព្យុងយ៉ាងក្នុងខែតុលា ឆ្នាំ២០០៥។

ដំណើរទស្សនកិច្ចរដ្ឋរយៈពេល២ថ្ងៃរបស់ លោក ស៊ី ទៅកាន់ប្រទេសសម្ព័ន្ធមិត្តកុម្មុយ​នីស្ត​បានបង្កើនការរំពឹងទុកលើតួនាទីរបស់លោក នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការបន្ត​កិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ដោយអ្នកខ្លះភ័យខ្លាចថា វា​អាច​បន្ថែមភាពស្មុគស្មាញខាងភូមិសាស្ត្រថ្មីទៅនឹងកិច្ចចរចាដែលមិនមានភាពរឹងមាំនោះ។

ប៉ុន្មានម៉ោងមុនពេលដំណើរទស្សនកិច្ចរបស់លោក អាម៉េរិកបានដាក់ទណ្ឌកម្មថ្មីៗ​ទៅ​លើក្រុមហ៊ុន     រុស្ស៊ីមួយដែលត្រូវបានចោទប្រកាន់ថា បានជួយឱ្យកូរ៉េខាងជើងគេចចេញពីការ​ដាក់ទណ្ឌកម្ម នៅក្នុងការអំពាវនាវជាក់ស្តែងមួយឱ្យទីក្រុងប៉េកាំងធ្វើការសហការ ក្នុងយុទ្ធនា​ការ​ដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីលើកទឹកចិត្តដល់ការលុបបំបាត់អាវុធនុយ​ក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

ប្រហែលមួយសប្តាហ៍ក្រោយមក លោក ស៊ី នឹងជួបជាមួយលោកប្រធានាធិបតីអាម៉េរិក​លោក         ដូណាល់ ត្រាំ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលក្រុម G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដែលជាការរៀបចំមួយ ដោយបង្កឱ្យមានការភ្ញាក់ផ្អើល​ដែលថា​ លោកអាចប្រើឥទ្ធិពល​នៅ​ទីក្រុងព្យុងយ៉ាង ដើម្បីពង្រឹងកម្លាំងដៃរបស់លោក នៅក្នុងកិច្ចចរចាជាមួយលោក ត្រាំ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅកូរ៉េខាងជើងក៏បណ្តាលឱ្យមានភាពបរាជ័យ​ផ្នែក​នយោបាយសម្រាប់លោក ស៊ី នៅទីក្រុងហុងកុងផងដែរ កន្លែងដែលបណ្តាមេដឹកនាំនៅតំបន់​ពាក់​កណ្តាល​ស្វយ័តមួយនេះ កាលពីសប្តាហ៍មុន​បានផ្អាកក្នុងការជំរុញមួយ សម្រាប់ច្បាប់​អនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ចិនដីគោក នៅក្នុងការប្រឈមមុខនឹងបាតុកម្មគាំទ្រលទ្ធិ-​ប្រជាធិបតេយ្យ។

លោក គីម បានទៅទស្សនាទីក្រុងប៉េកាំងរួចហើយសម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក ស៊ី ចំនួន៤ដង ចាប់តាំងពីខែមីនា ឆ្នាំមុន។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់​ប្រទេសចិន បានមកមិនយូរប៉ុន្មានមុន ឬបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ជាមួយប្រធានា​ធិប​តី​អាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន ​ដែល​បង្ហាញថា លោក និងលោក ស៊ី បានពិភាក្សាយ៉ាងជិតស្និទ្ធលើបញ្ហាការទូតកំពូលនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )