វៀតណាមប្តេជ្ញាបំពេញកាតព្វកិច្ចជាសមាជិកភាពនៃអង្គការពលកម្មអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​ — វៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គការ និងស្ថាប័នត្រីភាគី ដែលមានរាជរដ្ឋាភិបាល និយោជក និងនិយោជិត នៅក្នុងប្រទេសនេះ។

លោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច (MoLISA) បានធ្វើការប្តេជ្ញានេះនៅឯកិច្ចប្រជុំពេញអង្គនៃសន្និសីទការងារលើកទី១០៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី១៨ ខែមិថុនា។

លោកបាននិយាយថា កាលពីដើមខែនេះ រដ្ឋសភាវៀតណាមបានអនុម័តដំណោះស្រាយមួយនៃការចូលរួមរបស់វៀតណាមចំពោះអនុសញ្ញាលេខ ៩៨ របស់អង្គការ ILO ស្តីពីការអនុវត្តគោលការណ៍នៃសិទ្ធិដើម្បីរៀបចំ និងការចរចាជាសមូហភាព។

បណ្តាដៃគូការងារសង្គមរបស់វៀតណាមដែលមានជំនួយពីអង្គការ ILO កំពុងតែធ្វើការទៅលើការធ្វើវិសោធនកម្មក្រមការងារ ដោយធ្វើឱ្យវាស្របតាមការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស។

មន្រ្តីរូបនេះបាននិយាយបន្ថែមថា ក្រៅពីនេះ វៀតណាមកំពុងធ្វើកំណែទម្រង់ប្រព័ន្ធសន្តិសុខសង្គម និងគោលនយោបាយប្រាក់ឈ្នួល ឆ្ពោះទៅរកទំនាក់ទំនងការងារដែលមានភាពសុខដុម ស្ថេរភាព និងរីកចម្រើន ដែលនៅក្នុងដំណាក់កាលនៃដំណើរការនេះ ប្រទេសវៀតណាមបានទទួលការគាំទ្របច្ចេកទេសពីអង្គការ ILO។

លោក Dung បានអំពាវនាវសុំការគាំទ្របន្ថែមទៀតពីអង្គការ និងសមាជិករបស់អង្គការ ក្នុងការធ្វើកំណែទម្រង់ច្បាប់ការងារក្នុងស្រុក ជាពិសេសគោលនយោបាយទាក់ទងនឹងការធានារ៉ាប់រងសង្គម និងទំនាក់ទំនងពលកម្ម ព្រមទាំងការផ្តល់សច្ចាប័នទៅលើអនុសញ្ញារបស់អង្គការ ILO ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)