នាយករដ្ឋមន្រ្តីវៀតណាមស្នើដល់សារព័ត៌មាន ឱ្យបង្កើនការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើសុំឱ្យការិយាល័យសារព័ត៌មានបង្ហាញអំពីតម្លៃស្នូលរបស់ពួកគេក្នុងការផ្តល់ព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងបង្កើនការប្រយុទ្ធប្រឆាំងនឹងការប្រឌិត និងព័ត៌មានក្លែងក្លាយ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅទីក្រុងហាណូយ ជាមួយក្រុមប្រឹក្សាប្រតិបត្តិរបស់សមាគមអ្នកកាសែតវៀតណាម (VJA) ស្តីពីខួបលើកទី៩៤ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា) ថ្នាក់ដឹកនាំរដ្ឋាភិបាលរូបនេះបានសង្កត់ធ្ងន់ថា នេះគឺជាបេសកកម្មរបស់សារព័ត៌មាន ហើយការប្រយុទ្ធប្រឆាំងនេះនឹងបញ្ជាក់អំពីតួនាទីរបស់ខ្លួនក្នុងរយៈពេលថ្មីនេះ។

ប្រធានសមាគម លោក Thuan Huu បានជម្រាបជូនដល់នាយករដ្ឋមន្ត្រី Phuc អំពីប្រតិបត្តិការរបស់ VJA ក្នុងរយៈពេលកន្លងមកដែលបានទាក់ទាញការយកចិត្តទុកដាក់ពិសេសពីបក្ស និងរដ្ឋ ខណៈដែលរដ្ឋ    មន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ លោក Nguyen Manh Hung បានស្នើថា គ្រប់បណ្តាក្រុមហ៊ុនទូរគមនាគមន៍ត្រូវកាត់បន្ថយការជួលបណ្តាញបញ្ជូនអ៊ីនធឺណិត ល្បឿនលឿនសម្រាប់បណ្តាការិយាល័យសារព័ត៌មាន។

លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដល់នាយករដ្ឋមន្ត្រីអំពីការលំបាកទាក់ទងនឹងផ្នែកធនធាន។ លោកបាននិយាយថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) កំពុងរៀបចំធ្វើឱ្យកម្មវិធីក្នុងការស្វែងរកព័ត៌មានក្លែងក្លាយ។

នាយករដ្ឋមន្រ្តី Phuc បានអះអាងថា សមិទ្ធិផលសង្គមសេដ្ឋកិច្ចរបស់ប្រទេសក្នុងរយៈពេលកន្លងមកនេះ ត្រូវបានបង្កើតឡើងដោយមានការចូលរួមយ៉ាងសកម្ម និងសំខាន់របស់សារព័ត៌មាន ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិបត្តិការរបស់សមាគមនេះផងដែរ។ លោកក៏បានចង្អុលបង្ហាញថា កាសែតមួយចំនួនមិនគោរពតាមគោលការណ៍របស់ពួកគេ ព្រមទាំងបានរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាច្បាប់ទៀតផង។

អ្នកសារព័ត៌មានគួរតែជាអ្នកត្រួសត្រាយផ្លូវក្នុងបញ្ហាធំៗ និងសំខាន់របស់ប្រទេស និងបក្ស។ ថ្នាក់ដឹកនាំរូបនេះបាននិយាយ និងបានសង្កត់ធ្ងន់ថា សារព័ត៌មានបដិវត្តន៍ត្រូវតែឆ្លុះបញ្ចាំងអំពីឥទ្ធិពលសំខាន់ៗនៃសង្គម ដូចជាការកសាង និងការការពារប្រព័ន្ធសង្គមនិយម និងការកសាងប្រទេសដែលមានយុត្តិធម៌ ប្រជាធិបតេយ្យ និងស៊ីវិល័យ ក៏ដូចជាការអភិរក្សវប្បធម៌ជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)