រដ្ឋមន្រ្ដីក្រសួងការពារជាតិលើកឡើងថា មានជនមួយក្តាប់តូចកំពុងប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរុងរឿងរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើក​ឡើងថា មានជនមួយក្តាប់តូចបានកំពុងប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរុងរឿងរបស់កម្ពុជា ដែលខំកសាងយ៉ាងពិបាក។

នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមរយៈសន្តិភាព កម្ពុជាបានអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរសប្បាយ រហូតធ្វើឱ្យមនុស្ស មួយចំនួន បំភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទម្រាំមានថ្ងៃនេះ។ សម្តេចពិជ័យសេនាបន្ដថា “មិនតែប៉ុណ្ណោះ មានជនមួយក្តាប់តូច តែងប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿងដែលយើងទទួលបានយ៉ាងលំបាក ដោយហេតុថា គេមិនដែលបាន រួមចំណែកក្នុងការស្វែងរកសន្តិភាព និងជំរុញការអភិវឌ្ឍ ទើបគេមិនយល់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍដែលបានមកពីការលះបង់ សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត​របស់វីរជនយើង”។ សម្តេចពិជ័យសេនាបានបន្ថែមថា កិច្ចការការពារជាតិ ជាភារកិច្ចរបស់ យើង​​ទាំងអស់គ្នា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជនយុវតីនៃសម័យសន្តិភាព ព្យាយាមឈ្វេងយល់ ចូលរួម និងគាំទ្រ ដល់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែរីក​ចម្រើន​ខ្លាំងក្លាបន្ថែមទៀត៕

ដោយ ប៊ុនរិទ្ធ