អភិបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរសង្កាត់ ខណ្ឌ ក្រុង បន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ក្រុមប្រឹក្សាអាណត្ដិទី៣ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ក្រុង ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ព្រោះអាជ្ញាធរជាអាណាព្យាបាល ដែលប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្ដឱ្យធ្វើការងារគ្រប់បែបយ៉ាងជូនពួកគាត់ ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ហើយចំពោះនូវលទ្ធផលការងារ នៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ កន្លងមកនេះ គឺទទួលបានជោគជ័យ ត្រឹមត្រូវ យុត្ដិធម៌ ប្រកបដោយប្រជាធិបតេយ្យ ដោយមានគណបក្សនយោបាយនានា ចូលរួមបោះឆ្នោតផងដែរ។

ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់ អង្គបោះឆ្នោត នៅរាជធានីភ្នំពេញទាំង ៨៩៩    នាក់។ ជាមួយគ្នានេះក៏ មានអង្គការស៊ីវិល អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងកងកម្លាំងប្រដាប់អាវុធ បានចូលរួមការពារបានល្អដោយមិនមានហិង្សាផ្នែកនយោបាយចំពោះគណបក្សនយោបាយនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវ យុត្ដិធម៌ ពហុបក្ស និងទទួលបានលទ្ធផលល្អប្រសើរ ។

លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣នៅថ្នាក់រាជធានីភ្នំពេញទទួលបានការសរសើរ និងទទួលស្គាល់ពីបណ្ដាសហគមន៍អន្ដរជាតិផងដែរ។ លោកបន្ត ការងារដែលគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្នាក់រាជធានីភ្នំពេញ យើងបានអនុវត្ដន៍ ដោយអនុលោមទៅតាមច្បាប់បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងនោះបានជំរុញឱ្យគណបក្សនយោបាយទាំងអស់ក្នុងការចូលរួមសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងទទួលសិទ្ធិប្ដឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់ គ.ជ.ប ទាំងការងារចុះឈ្មោះ ទាំងការងារឃោសនាការងារបោះឆ្នោត និងប្រកាសលទ្ធផល ។

លោក លុន ឆេងកៃ បានបន្ដថា គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី បានរៀបចំ អង្គសន្និបាតនៅថ្ងៃនេះឡើងក្នុងគោលបំណង ដើម្បីស្វែងរកនូវចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ រៀបចំបូកសរុបជាគោលការណ៍ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យពិចារណា ធ្វើជាមូលដ្ឋានក្នុងការកែតម្រូវ ឬធ្វើវិសោធនកម្មការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅពេលក្រោយៗទៀត។

លោកបន្ដថា ការងារពង្រឹងសន្តិសុខក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ គឺមានភាពរលូនដោយកងកម្លាំងសមត្ថកិច្ចទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ការពារបានល្អ ចាប់តាំងពីថ្ងៃឃោសនា រហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតបញ្ចប់  ៕

ដោយ សួស សំរិត