គណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភា អាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤នៅទីក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក .ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហ​បណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភា អាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ (ASEAN-AIPA Leaders Interface during the 34th ASEAN Summit) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហ​បណ្ឌិតឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបអញ្ជើញទៅចូលរួមកិច្ចប្រជុំទល់ មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា ដែលជាជំនួបកំពូលរវាងប្រធានអាស៊ាននិងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤(34th ASEAN Summit) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក នេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ឆួន លីគប៉ៃ(Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនអន្តរសភា(អាយប៉ា) លើកទី៤០ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។

នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងចូលរួមផ្តល់នូវអនុសាសន៍ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិក​  អា​យប៉ា និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនស៊ីជម្រៅ អំពីការរួមគ្នាដោះស្រាយបញ្ហា​ទាំងនោះតាមរយៈ​ការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ ក្នុងបណ្តាប្រទេសជាសមាជិកអាយប៉ា ស្របតាមស្មារតីសសរស្តម្ភទាំង៣ របស់អាស៊ាន គឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។​

គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារីនឹងពាំនាំនូវធាតុចូលដែលជាទស្សនរបស់សភាកម្ពុជា ក្នុងនាមជាប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍រួមដែលនឹងឡើងថ្លែងដោយ ឯកឧត្តម ឆួន លីគប៉ៃ ប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤០ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាននិងសភា​តំណាងអាយប៉ា។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម​ ឆួន លីគប៉ៃ ប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៤០ មានភារកិច្ចធ្វើសេចក្តីរាយការណ៍ ដែលខ្លឹមសារក្នុងរបាយការណ៍នោះ គឺជាទស្សនរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននិងកំពុងបន្តអនុវត្តន៍កន្លងមកព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន ឱ្យកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត ។

ក្រៅពីកិច្ចប្រជុំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយសមភាគីសភា ប្រទេសសមាជិកអាយប៉ាក្នុងគោលបំណងរួបរួមគ្នាពង្រឹងនិងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើគោលការណ៍ នៃច្បាប់អន្តរជាតិ,ការចែករំលែកភាពរីកចម្រើន, ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពស្មើគ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោក។

សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាង អាស៊ាននិងអាយប៉ា ក្នុងអំឡុងពេល​កិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាង អាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងអាយប៉ា ដែលជាការគាំទ្រគ្នាទៅវិញទៅមករវាងអង្គនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកប ដោយ​ចីរភាព(SDGs) ជាមួយនឹងការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍ASEAN មួយ ដោយឈរលើមូលដ្ឋាន “ ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន ”  និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

គួររម្លឹកផងដែរថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាននិងប្រធានអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩នៅហ៊ួហ៊ីន តាម​ការផ្តួចផ្តើមគំនិតរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមកកិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៨លើករួចមកហើយ ដែលលើកចុងក្រោយនៅឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ៊្វីលីពីន៕

ដោយប៉ាល់ សុង