គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំរវាងប្រធានអាយប៉ា និងអាស៊ាន នៅប្រទេសថៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) ដែលជាជំនួបកំពូលរវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រទេសថៃជាម្ចាស់ផ្ទះនៃជំនួបកំពូល អាស៊ានលើកទី៣៤ (34th ASEAN Summit) នៅក្នុងឆ្នាំ២០១៩នេះ។ ខណៈរៀបចំជំនួបកំពូលអាស៊ាននេះ កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ក៏បានរៀបចំធ្វើផងដែរ។ កិច្ចប្រជុំអាស៊ាន និងអាយប៉ា ជាជំនួបកម្រិតខ្ពស់បំផុត រវាងអាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអាយប៉ា ដែលជាការគាំទ្រគ្នាទៅវិញទៅមករវាងអង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងអាស៊ាន ដើម្បីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ជាមួយនឹងការពន្លឿន និងជំរុញឲ្យសម្រេចបាននូវសហគមន៍ASEANមួយ ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន” និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

សូមជម្រាបជូនថា កិច្ចប្រជុំប្រធានអាស៊ាន និងប្រធានអាយប៉ា បានរៀបចំធ្វើចាប់ពីជំនួបកំពូលអាស៊ានលើកទី១៤ ក្នុងឆ្នាំ២០០៩ នៅហ៊ួហ៊ីន ប្រទេសថៃមក តាមការផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន។ ចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន៨លើករួចមកហើយ ដែលលើកចុងក្រោយនៅក្នុងឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

កំឡុងពេលស្នាក់នៅក្នុងប្រទេសថៃពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនានេះ ក្រៅពីចូលរួមកិច្ចប្រជុំប្រធានអាស៊ាន និងប្រធានអាយប៉ា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយសមភាគីសភា ប្រទេសសមាជិកអាយប៉ាជាច្រើនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងសភាកម្ពុជា និងសភាប្រទេសជាមិត្ត ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ការចែករំលែកភាពរីកចម្រើន ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពស្មើគ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោក ផងដែរ៕