រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជំរុញឲ្យប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ប្រើប្រាស់រថយន្ដគ្លីនិកចល័ត ឲ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ ដោយ អាត ចន្ធូ៖

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជំរុញឲ្យប្រធានមន្ទីរគ្រប់បណ្ដារាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រើប្រាស់រថយន្ដគ្លីនិកចល័ត ឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលបានបែងចែករថយន្ដគ្លីនិកចល័ត ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ជូនមន្ទីសុខាភិបាលរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការចុះផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ប្រភពបានឲ្យទៀតដឹងថា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ស្នើដល់ប្រធានមន្ទីរតាមបណ្ដារាជធានី-ខេត្តទាំងអស់ ចាត់ចែងរៀបចំប្រើប្រាស់រថយន្ដគ្លីនិក ចល័តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទៅតាមពេលវេលាសមស្របរបស់មន្ទីសុខាភិបាល រាជធានី-ខេត្តនីមួយៗ ហើយត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំរថយន្ដ និងសម្ភារបរិក្ខាពេទ្យក្នុងរថយន្ដជាប្រចាំស្របតាមលក្ខណៈបច្ចេកទេស។
ក្រសួងសុខាភិបាល រំពឹងថាប្រធានមន្ទីរតាមបណ្ដារាជធានី-ខេត្តទាំងអស់ អនុវត្តការងារឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។