មនុស្សប្រមាណ៧១លាននាក់ត្រូវបានបង្ខំឲ្យចាកចោល​ទីលំនៅក្នុងឆ្នាំ២០១៨

បរទេស៖ ទីភ្នាក់ងារគ្រប់គ្រងជនភៀសខ្លួនរបស់អង្គការអន្តរជាតិបានឱ្យដឹងកាលពីថ្ងៃពុធថា មនុស្សជិត ៧១ លាននាក់ទូទាំងពិភពលោក ត្រូវបានបង្ខំឲ្យចាកចោល​ទីលំនៅដោយសារសង្គ្រាម, អំពើហិង្សានិងការធ្វើទុក្ខបុកម្នេញកាលពីឆ្នាំមុនដែលជាចំនួនច្រើនបំផុតក្នុងកំនត់ត្រាប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ ស្ថាប័នគ្រប់គ្រងផ្នែកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានរៀបរាប់ពីតួលេខមានមនុស្សចំនួន ៧១ លាននាក់គិតត្រឹមចុងឆ្នាំ ២០១៨ ហើយតួលេខនេះមិនបានរាប់បញ្ចូលទំាងចំនួនមនុស្សដែលបានរត់គេចពីវិបត្ដិ​ នៅប្រទេសវ៉េណេស្វេឡាឡើយ ។

ស្ថាប័នគ្រប់គ្រងផ្នែកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាប្រទេសដែលមានប្រជាជនត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅច្រើនជាងគេមាននៅក្នុងប្រទេសស៊ីរីដែលមានជម្លោះចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះហើយនិងប្រទេសកូឡុំប៊ីដែលត្រូវបានញាំញីដោយអំពើហិង្សារាប់ទសវត្សរ៍មកហើយ។

អត្ថបទ ឆាយ វីកាល
ប្រភព អេអេសភី (២០.០៦.១៩)