ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋអោយមានដោយតម្លាភាព

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿនខេត្តស្ទឹងត្រែង

               M.Cថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចសហការជាមួយអាជ្ជាធរពាក់ព័ន្ធនៅមូលដ្ឋាន ដោះស្រាយរាល់បញ្ហានិងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកមដោយតម្លាភាព    ចៀសវាង ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ។

       ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសៀមបូកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧ខែមិថុនា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖អាជ្ញាធរឃុំ ស្រុក ត្រូវលះបង់ពេលវេលាឱ្យបានច្រើនក្នុងការបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋដែលពួកគាត់ជាម្ចាស់ឆ្នោត  ព្រោះយើងជាអាជ្ញាធរមិនមែនធ្វើម្ចាស់លើប្រជាពលរដ្ឋនោះទេ។

         ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍សង្កត់ធ្ងន់ថា៖រាល់បញ្ហាវិវាទដែលកើតមានឡើងនៅក្នុងមូលដ្ឋាន អាជ្ញាធរ មិនត្រូវយកអំណាចទៅដោះស្រាយឡើយ  ត្រូវផ្អែកលើអង្គហេតុ ផ្អែកលើច្បាប់ឱ្យបានច្បាស់លាស់ដូចជារឿងរ៉ាវទូកដចម្លង កន្លងមកជាដើម។

  សម្លេង៖ហើយទូកនេះខ្ញុំប្រជុំជាមួយក្រុមប្រឹក្សាស្រុកជាមួយអភិបាល មន្ទីរជុំវិញ សម្រេចដាក់ឱ្យដេញថ្លៃ គឺឯកឧត្តមអភិបាលបានសម្រេចដាក់ឱ្យដេញថ្លៃជាសាធារណៈហើយអញ្ចឹងបានថាអ្វីៗនៅក្នុងឃុំនៅក្នុងស្រុកយើងត្រូវខិតខំរក្សាហើយតែដាក់ឱ្យដេញថ្លៃថវិកានិងត្រូវបង់ទៅថវិការជាតិទាំងអស់អញ្ចឹងសូមសំណូមពរអញ្ចឹងលោកមេឃុំកោះព្រះ។

         លោកឡុង ថា មេឃុំកោះព្រះបានអះអាងថា៖រឿងរ៉ាវទូកដនេះវាមានជម្លោះវិវាទគ្នាមែន ហើយអាជ្ញាធរឃុំ ស្រុកបានរួមគ្នាដោះស្រាយ តែភាគីខាងម្ចាស់អាជីវកម្មទូកដចាស់ មិនព្រមទទួយកដំណោះស្រាយទេ។លោកថា៖បញ្ហានេះអាជ្ញាធររៀបចំឱ្យមានទូកដមួយបន្ថែមទៀត ទៅតាមសំណូមពរប្រជាពលរដ្ឋ ដែលពួកគាត់ចង់បាន ឱ្យមានសាឡាងធំសម្រាប់ឆ្លងកាត់ទន្លេមេគង្គ ព្រោះវាមានសុវត្ថិភាព  ងាយស្រួលដឹកទំនិញ  និងឆ្លងរថយន្តផង។

សម្លេង៖ខ្ញុំមិនមែនថាមិនទទួលកំហុសទេខ្ញុំទទួលព្រោះអីការងារយើងគ្រប់គ្រង ព្រោះអីដល់មានសាឡាងមានអីអញ្ចេះប្រជាជនទំនិញក៍ថោក កន្លងមកគាត់លក់សាំង៤០០០រៀលឥឡូវគាត់លក់៣៥០០រៀលអញ្ចឹងវាថោក ខ្ញុំនឹង ខិតខំបន្តទៀត។

  លោក សានលាង ប្រជាពលរដ្ឋរស់នៅភូមិឃុំ ស្រក្រសាំងបានសាទរចំពោះយន្តការបង្កើតឱ្យមានដចម្លង ធំៗព្រោះពេលឆ្លងកាត់ទន្លេមេគង្គប្រជាពលរដ្ឋយើងចង់មានសុវត្ថិភាពត្រឹមត្រូវកុំឱ្យមានការលិចលង់ដូចដចម្លងផ្សេងៗធ្លាប់លិចឮកន្លងមក។

    សូមបញ្ជាក់ថា៖ទូកដចម្លងនៅក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងនេះ ម្ចាស់អាជីវកម្មបានឆ្លងទៅមកទាំងថ្មីទាំងចាស់ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលពូកគាត់រស់នៅលើកោះព្រះចំនួន៣៨២គ្រួសារនិងមានចំនួនមនុស្ស១៤៨៤នាក់៕