កម្ពុជា-ថៃប្តេជ្ញាពន្លឿនការបើកសេវាដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែករវាងប្រទេសទាំងពីរឲ្យបាននៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃបានប្តេជ្ញារួមគ្នាពន្លឿនការបើកសេវាដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែករវាងប្រទេសទាំងពីរ​ឲ្យបាននៅពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុង ការផ្លាស់ដូរពាណិជ្ជកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ។

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជា-ថៃសម្រេចបង្កើតគណៈកម្មការរៀងខ្លួនមួយដើម្បីបន្តពិភាក្សាគ្នា លើការទូទាត់តម្លៃសេវាដឹកទំនិញឆ្លងដែនតាមផ្លូវដែករវាងប្រទេសទាំងពីរ ដើម្បីពន្លឿនការឈានទៅដាក់អោយ ដំណើរការសេវាដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែកឲ្យមានសកម្មភាពនៅពេលខាងមុខនេះ។

ឯកឧត្តម លី បូរិន អ្នកនាំពាក្យ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការ សម្រេចបង្កើតគណៈកម្មការនេះឡើងបន្ទាប់ពីកម្ពុជា និងថៃ មានកិច្ចព្រមព្រៀងជាគោលដៅក្នុងការតភ្ជាប់សេវាកម្មដឹកជញ្ជូនផ្លូវដែករួមគ្នាដើម្បីសម្រួលដល់ការធ្វើពាណិជ្ជឆ្លងដែនទៅវិញ ទៅមក។
សំឡេង«ខាងភាគថៃក៏គេកំពុងរៀបចំផងដែរ វាអាចធ្វើឲ្យចំណែកសេដ្ឋកិច្ចរបស់យើងចំណេញច្រើនដោយសារទី១ទំនិញយើង​មានការដឹកជញ្ជូនថោកជាងគេ ហើយអីវ៉ាន់ថៃ ពេលចូលមកខ្មែរ ក៏ចូលរហូតមកដល់ទិសដៅ​ចំណែកអីវ៉ាន់​កម្ពុជា​ក៏ចូល​រហូតមកដល់ទិសដៅ ទី២យើងដឹងហើយថារថភ្លើងដឹកអីវ៉ាន់បានច្រើន ហើយក៏កាត់បន្ថយគ្រោះថ្នាក់ចរណ៍មួយចំនួនផងដែរ ទី៣ ចំណែកឡាន តែងមានបញ្ហាប្រឈមចឹងអ្នកដឹកជញ្ជូនគេក៏បង្វែរមកដឹកតាមរថភ្លើងវិញ ចឹងក៏ទប់ស្កាត់ការខូច​ខាតផ្លូវមួយ​ចំនួនផងដែរ»។

ឯកឧត្តមបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សកម្មភាពផ្លូវដែកខ្សែទី១ពីភ្នំពេញទៅកាន់ព្រំ ដែនកម្ពុជា-ថៃ គឺបើកសេវាដឹកជញ្ជូនតែមនុស្សប៉ុណ្ណោះ ខណៈការដឹកជញ្ជូនទំនិញកំពុងរៀបចំ នីតិវិធីក្នុងប្រតិបត្តិការដឹកជញ្ជូនក្នុងស្រុក និងភ្ជាប់ជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា គណៈកម្មការដែលកំពុងចរចាជាមួយភាគីថៃលើការទូទាត់តម្លៃសេវាឆ្លងដែន នេះគឺមានមាសភាពមកពីក្រសួងស្ថាបមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា៕