ចំនួនអ្នកស្លាប់ដោយសារលិចទូកនៅឥណ្ឌូណេស៊ីកើនឡើងដល់ ១៨នាក់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩​  –អាជ្ញាធរមូលដ្ឋានបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការលិចទូកមួយនៅឆ្នេរសមុទ្រ East Java នៅប្រទេសឥណ្ឌូណេស៊ីភាគខាងជើងកាលពីថ្ងៃទី១៧ ខែមិថុនា បានកើនឡើងដល់ចំនួន ១៨នាក់ហើយ។

ទីភ្នាក់ងារស្វែងរក នឹងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍កាលពីថ្ងៃទី១៨ ខែមិថុនា ថា ក្នុងចំណោមជនរងគ្រោះទាំងនោះភាគច្រើន គឺជាកុមារ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន៣៩នាក់ ត្រូវបានជួយសង្រ្គោះខណៈដែលកំពុងដំណើរការកិច្ចប្រឹងប្រែងស្វែងរកយ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ផ្សេងទៀត ដែលនៅមិនទាន់រាប់បញ្ចូល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា នៅពេលទូកដឹកអ្នកដំណើរដែលមានមនុស្សជាង ៦០នាក់ បានក្រឡាប់យ៉ាងរន្ធត់នៅក្នុងសមុទ្រក្បែរកោះម៉ាឌូរ៉ា។

អ្នកនាំពាក្យរបស់នគរបាលនៅកោះ East Java លោក Frans Barung Mangera បាននិយាយថា ទូកនោះត្រូវបានរងការវាយប្រហារដោយរលកដ៏ធំមួយ ហើយបានក្រឡាប់ និងលិចតែម្តង ហើយត្រូវបានសង្ស័យថា ដោយសារមានការផ្ទុកលើសទម្ងន់ផងដែរ។

លោកបាននិយាយបន្ថែមថា នាវាដែលមានប្រវែង ១០ម៉ែត្រនេះ ត្រូវបានរកឃើញដោយអ្នកនេសាទភ្លាមៗបន្ទាប់ពីវាត្រូវបានធ្វើឱ្យលិច។ គ្រោះថ្នាក់នៅលើសមុទ្រតែងតែកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារជាទូទៅមានមនុស្សជាច្រើនបានប្រើប្រាស់កាណូត និងទូក ជាមធ្យោបាយធ្វើដំណើរ បើទោះបីជាស្តង់ដារសុវត្ថិភាពនៅមានភាពមិនទាន់ល្អប្រសើរក៏ដោយ។

កាលពីដើមឆ្នាំនេះ មានមនុស្សជាង ៣០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានលង់ទឹកស្លាប់នៅពេលដែលសាឡាងមួយបានលិចនៅកោះ Sulawesi និង Borneo៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)