ព្រឹទ្ធសភាកម្ពុជាបង្ហាញថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភា​​​​​ប្រឹ​​​ក្សានយោបាយប្រជាជនចិនបានពង្រឹងពង្រីកឥតឈប់ឈរ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបាននាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរជាច្រើន។

ក្នុងឱកាស ទទួលជួបសវនាការជាមួយនឹងឯកឧត្តម WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃទី១៩ ខែមិថុនា នេះនៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន មានប្រសាសន៍ថា ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែលតែងតែចាត់ទុកការលំបាករបស់ប្រទេសកម្ពុជាជាការលំបាករបស់ប្រទេសចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ឯកឧត្តម បន្តថា ប្រទេសកម្ពុជាបានទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ ស្តែងពីគោលនយោបាយទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើងនៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើននៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ទទួលបានផលប្រយោជន៍ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសពីក្របខណ្ឌអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការទន្លេ   មេគង្គ-ឡាងឆាង។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ាន ហើយនៅឆ្នាំ២០២០ ខាងមុខ អាស៊ាន-ចិន និងសម្រេចគោលដៅពាណិជ្ជកម្មទៅវិញទៅមកចំនួនមួយពាន់ពាន់លានដុល្លារ (១ទ្រ៊ីលាន) និងការវិនិយោគទៅ វិញទៅមកកើនដល់១៥០ ប៊ីលានដុល្លារ ។

ឯកឧត្តម WAN Gang បានសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីជំរុញ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយចិនតែមួយ គាំទ្រប្រទេសចិននៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌមេគង្គ-ឡានឆាង៕