ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យមានស្ថានទូតទៅវិញទៅមករវាងកម្ពុជានិងគៀជីស្ថាន (Kyrgyzstan )

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យមានស្ថានទូតទៅវិញទៅមករវាងកម្ពុជានិងគៀជីស្ថាន (Kyrgyzstan )ដើម្បីពង្រីកពង្រឹងចំណងកាទូតរវាងប្រទេសទាំង២អោយកាន់តែល្អប្រសើរឡើង ពិសេសការផ្តល់លក្ខណៈងាយស្រួលដល់ប្រជាជន វិនិយោគិន និងភ្ញៀវទេសចររបស់ប្រទេសទាំង២។

នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តមSooronbay Jeenbekov នៃប្រទេសគៀជីស្ថានជាលក្ខណៈទ្វេភាគី នៅរសៀលថ្ងៃទី១៥ខែ មិថុនា សម្ដេចតេជិមានប្រសាសន៍ថា
មកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចសម្ដេចបានស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំង២ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យបន្តពង្រឹងពង្រីក
ទំនាក់ទំនងទ្វេភាគីបានកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោបានជំរុញឲ្យប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាងមុន ដោយទី១ស្នើឲ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ជាពិសេសអនុស្សារណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាជាមួយគ្នាលើទំនាក់ទំនងអន្តរជាតិ ជាមួយសម្ព័ន្ថភាពអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានអញ្ជើញឯកឧត្តមប្រធានាធិបតីគៀជីស្ថានដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយ
សម្តេច ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀជីស្ថានវិញផងដែរ។

ឯកឧត្តមឯកឧត្តមSooronbay Jeenbekov ប្រធានាធិបតីគៀជីស្ថានមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្វីដែលសម្តេចបានលើកឡើង ថាជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងប្តទេសទាំង២។

ឯកឧត្តមប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀជីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្តមប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចប្រទេសរបស់ឯកឧត្តម ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ។
សូមបញ្ជាក់ថា កម្ពុជានិងគៀជីស្ថានបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាលក្ខណៈទ្វេភាគីមានរយៈពេល២៤ ឆ្នាំហើយ ក្រោយពីការចុះកិច្ចព្រមព្រៀងកាទូតនៅឆ្នាំ១៩៩៥មក។