ក្រសួងព័ត៌មានទទួលបដិសណ្ឋារកិច្ចបានល្អប្រសើរចំពោះភ្ញៀវអញ្ជើញចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត និងវ៉ាងភក្តី

សៀមរាប៖ក្រសួងព័ត៌មានទទួលបដិសណ្ឋារកិច្ចបានល្អប្រសើរចំពោះភ្ញៀវអញ្ជើញចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ដែលនេះបង្ហាញពីការទទួល​​ខុសត្រូវខ្ពស់​​របស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

ឯកឧត្តមជាច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថាការទទួលបដិសណ្ឋារកិច្ចនេះ គឺធ្វើឡើងចាប់ពីភ្ញៀវចុះពីយន្តហោះមកដល់កម្ពុជា ការសម្រួលដឹកជញ្ជូនឲ្យ​​មកដល់​សណ្ឋាគារ​ស្នាក់នៅ ។

ឯកឧត្តមបន្តថា តាមវិធីការ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងទទួល​​បដិសណ្ឋា​​រ​​កិច្ច​​នៅសណ្ឋាគារភ្ញៀវស្នាក់នៅ មុននឹងភ្ញៀវ ចូលរួម សន្និសីទកំពូល​​សារព័ត៌មានអាស៊ី លើកទី១៦ ដែលនឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនាស្អែកនេះ ។

ឯកឧត្តមបន្ថែមថា  ក្នុងរយៈពេលនៃការស្នាក់នៅកម្ពុជារបស់ភ្ញៀវ​​ដែលអញ្ជើញចូលរួម​កិច្ច​​ប្រជុំ​​នេះ ក្រសួងព័ត៌​មាន​បាន​រៀបចំក្រុមមន្ត្រីដើម្បីជួយសម្រួលទាំងការស្នាក់នៅ អាហារ ពេលចូលរួមប្រជុំ និងការដើរទស្សនកិច្ចនៅសារៈមន្ទីរសន្តិភាពនៃ​​សម្មភាពកម្ចាត់មីនរបស់​ស៊ីម៉ាក់ និងប្រាសាទអង្គរវត្ត   វិទ្យាល័យ វត្តបូរ រហូតដល់គណៈ​ប្រតិភូត្រឡប់ទៅ​ប្រទេស​រៀងៗខ្លួនវិញ។

សូមបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ឆ្នាំ ២០១៩ ដែលកម្ពុជា​​ទទួលរៀប​​​ចំធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាបនេះ បានពិភាក្សារលើប្រធានបទ៖ ការប្រយុទ្ធ​​ប្រឆាំងព័ត៌មានក្លែងបន្លំរបៀបដឹកនាំក្នុងយុគ្គសម័យសារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាព ក្នុងយុគសម័យឌីជីថល និន្នាការនៃបច្ចេកវិទ្យា4K និង​​ឥទ្ធិពលនៃភាពពិតកើននិងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន។

ក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលនេះ គណៈប្រតិភូជាថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនាសារៈមន្ទីរសន្តិភាពនៃសម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ និង​​ប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធ​ភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាម និងមរតកវប្បធម៌ដែលបន្សល់ពីបុព្វបុរសខ្មែរ សម្រាប់បម្រើដល់វិស័យទេសចរណ៍របស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ។

មន្រ្តីវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការផ្សព្វផ្សាយ ហៅកាត់ AIBD ដែលជាស្ថាប័ន​​គួរឲ្យទុក​​​​ចិត្តនិងមានបទពិសោធន៍ខ្ពស់ ថ្លែងដោយសរសើរថា សន្និសីទកំពូលដែលធ្វើឡើង​​នៅកម្ពុជានេះ ត្រូវបានរៀបចំឡើងយ៉ាងល្អប្រសើរ៕