មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ លើកឡើងថា ការលុបបំបាត់ ចរាចរណ៍ គ្រឿងញៀន គឺផ្តើមចេញពីយើងទាំងអស់គ្នា

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹមតុងហួត ៖

លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការលុបបំបាត់គ្រឿងញៀន និងចរាចរណ៍ គឺផ្តើមចេញពីយើងទាំងអស់ ជាបញ្ហារួមមិនមែនជាបញ្ហាផ្តាច់មុខរបស់អ្នកណាម្នាក់ក្រុមណាមួយឡើយ ហើយបញ្ហាគ្រឿងញៀន និងចរាចរណ៍ជាបញ្ហាគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។លោកជំទាវ លើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍រៀបចំឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ថ្ងៃទី១១ខែមិថុនានេះ។


ក្នុងឱកាសនោះ លោកជំទាវ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំស្តាប់យកចំណេះដឹងឈរលើសម្បទា៣មាន វិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទា ហើយចូលរួមឲ្យបានកាន់តែសកម្មផ្សព្វផ្សាយ បន្តទៅមិត្តភក្តិក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់កុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
លោក ចេង លឹម ហ័ង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានថ្លែងអរគុណ ដល់ថ្នាក់ជាតិដែលបានបង្កើតឲ្យមានកម្មវិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍នេះឡើង ស្របពេលដែលខេត្តកំពុងតែខិតខំផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ជាបញ្ហាចម្បង។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រសាសន៍ថា ខេត្តព្រះវិហារ ជាខេត្តភាគឥសាន្តប្រទេសកម្ពុជាដែលមានភូមិសាស្រ្តស្មុគស្មាញ តាមបណ្តោយព្រំដែនហើយឈ្មួញទុច្ចរឹតតែងតែប្រើគ្រប់មធ្យោបាយលាក់លួចយកគ្រឿងញៀនឆ្លងកាត់ព្រំដែនហើយឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ តាមរយៈនេះឯកឧត្តម ឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចង្អុលបង្ហាញឲ្យរៀបចំជាគោលនយោបាយភូមិ ឃុំសង្កាត់ ស គ្មានគ្រឿងញៀន ដើម្បីធ្វើជាជញ្ជាំងទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន៕