រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន មុនជ្រើសរើសបុគ្គលិកឲ្យចូលបំរើការងារត្រូវពិនិត្យសុខភាពឲ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

ថ្លែងចេញពីខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមិថុនានេះ ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមពិនិត្យមើលឲ្យបានច្បាស់លាស់នូវបុគ្គលិកដែលត្រូវឲ្យចូលបំរើការងារ ជាអ្នកបើកបរ ជៀសវាងមានសាធាតុញៀននៅក្នុងខ្លួន។

សម្តេចក្រឡាហោម បញ្ជាក់ថា សារធាតុញៀន ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សំរាប់សុខភាព។ដូច្នេះគ្រប់គ្នាត្រូវ តែជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសអ្នកបើកបរ បើមានសារធាតុញៀននៅក្នុងខ្លួន មិនអាចគ្រប់គ្រងខ្លួនឯងបាន ក្នុងការបើកបរនោះទេ ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និង អ្នកដទៃ។