ក្រសួងកិច្ចការនារីលើកទឹកចិត្តឲ្យអាណាព្យាបាលបង្កើនការផ្ដល់អាហារូបត្ថម្ភ ដល់កូនរបស់ខ្លួនចាប់ពីអាយុ០ ឆ្នាំដល់អាយុ៦ឆ្នាំ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ៖

 ក្រសួងកិច្ចការនារីលើកទឹកចិត្តឲ្យអាណាព្យាបាលបង្កើនការផ្ដល់អាហារូបត្ថម្ភ ដល់កុមារតូចចាប់ពីអាយុ០ ឆ្នាំដល់អាយុ៦ឆ្នាំ ដើម្បីធ្វើឲ្យពួកគាត់មានសុខភាពល្អនិងរាងកាយមាំមួន ។


ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ចុងក្រោយផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ជាអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលគាំពារនិងអភិវឌ្ឍន៍កុមារតូចមានប្រសាសន៍ថា ឪពុកម្តាយត្រូវតែបង្កើនសេវាថែទាំ និងផ្តល់អាហារូបត្ថម្ភដល់កូនៗរបស់ខ្លួនចាប់ពីការចាប់កំណើតរហូតដល់អាយុក្រោម៦ ឆ្នាំ ដែលមាតាមានភារកិច្ចយ៉ាងសំខាន់សម្រាប់លើកកម្ពស់ផ្នែករាងកាយ សុខភាព សីលធម៍ វប្បធម៍ និងអារម្មណ៍ របស់កុមារឲ្យមានការអភិវឌ្ឍផ្នែកបញ្ញា និងការលូតលាស់របស់កុមារ ។


លោកជំទាវបញ្ជាក់ថា ការជំរុញឲ្យអាណាព្យាបាលយកចិត្តទុកដាក់ថែទាំកុមារចាប់ពីអាយុសូន្យឆ្នាំដល់អាយុ៦ឆ្នាំនេះ គឺធ្វើឡើងស្របតាមផែនការយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល ពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចដើម្បីឲ្យពួកគេក្លាយទៅជាធនធានមនុស្សដ៍សំខាន់ សម្រាប់កិច្ចអភិវឌ្ឍជាតិទៅថ្ងៃអនាគត ។
លោកជំទាវបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់មុខសញ្ញាក្រុមកុមារតូចដែលបាត់បង់ឱកាស ហើយពង្រឹងយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលមានស្រាប់ ដើម្បីផ្ដល់ឱកាសពេញលេញដល់ពួកគេ ហើយជាពិសេសផ្តល់អាទិភាពចំពោះក្មេងស្រី និងក្មេងដែលនៅតំបន់ជនបទដាច់ស្រយាល ។
លោកជំទាវបន្ថែមទៀតថា ដើម្បីសំរេចនូវគោលនយោបាយនេះគ្រប់ស្ថាប័ន និងអង្គភាពពាក់ពន្ធ័នានាត្រូវយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយទៅដល់សហគមន៍ និងមូលដ្ឋានរបស់ខ្លួនដើម្បីអោយអាណាព្យាបាលទំាងនោះអនុវត្តតាម ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប ៕