សមាគមន៍​អតីត​យុទ្ធ​ជន​ខេត្តព្រះវិហារ​ប្រារព្ធ​ទិវា​ខួប​លើក​ទី១២ ឆ្នាំ២០១៩

AKP ព្រះវិហារ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា បងប្អូនអតីតយុទ្ធជនមានភ័ព្វវាសនាណាស់ដោយបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមន៍ ។ជាមួយគ្នានោះសម្តេចមិនទុកអោយបងប្អូនអតីតយុទ្ធជនណាមួយរស់នៅក្នុងភាពលំបាកវេទនានោះទេ ។

ប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសារទរខួបលើកទី១២ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា នៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​និង​មន្រ្តី​រាជ​ការជុំវិញខេត្តជាច្រើនរូប​ទៀត ​។​

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាការ​​ប្រារព្ធ​ទិវា​ខួប​លើក​ទី១២ ​ឆ្នាំ២០១៩នេះ គឺដើម្បី​រំលឹក​ដល់​គំរូ​វីរភាព ​និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធ​ជន ​យុទ្ធ​នារី​ នៃ​កង​កំលាំង​ប្រដាប់​អាវុធ ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ពលីកម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វ​ហេតុ​ជាតិ ​មាតុ​ភូមិ ។

​អតីត​យុទ្ធ​ជន​កម្ពុជា ​ជា​សក្ខី​ភាព​នៃ​វីរភាព​របស់​ប្រជា​ជន​កម្ពុជា ​ហើយ​គុណូបការៈ​របស់​អតីត​យុទ្ធ​ជន ​ចាំបាច់​ត្រូវ​មាន​សកម្ម​ភាព​ឆ្លើយ​តប ​និង​ត្រូវ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ឱ្យ​បាន​សក្តិ​សម​ ។

​ឯក​ឧត្តម​បន្ត​ថា ​ការ​​ប្រារព្ធ​ខួប​លើក​ទី១២ ​ទិវា​អតីតយុទ្ធ​ជន​នេះ ​គឺ​ជា​ការ​រំលឹក​ ដាស់​តឿន​ស្មារតី ​យើង​គ្រប់គ្នា ​ឱ្យ​អនុវត្ត​ការងារ​សម្រេច​បាន​ជោគជ័យ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់ ​ព្រម​ទាំង​រក្សា​បាន​នូវ​និរន្តរ​ភាព​នៃ​កិច្ច​ការ​លើក​កំពស់​កម្រិត​ជីវភាព ​និង​សុខ​មាល​ភាព​របស់​បងប្អូន​អតីត​យុទ្ធ​ជន  ​  ព្រម​ទាំង​ក្រុម​គ្រួសារ ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល  ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ​។

​ឯក​ឧត្តម​បាន​បន្តទៀតថា ​រាជ​រដ្ឋា​ភិបាល​បាន​បង្កើត​សំណាញ់​សុវត្ថិភាព​សង្គម​ប្រកប​ដោយ​ចីរភាព ​សំដៅ​ធានា​ដល់​កម្រិត​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធជន​ប្រកប​ដោយ​សុខ​ដុម​រមនា ​ជា​មួយ​គ្រួសារ​និង​សហគមន៍​ ។

​កិច្ចការ​ទាំង​នោះ​រួម​មាន ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​  ការ​ដោះស្រាយ​ការងារ ​មុខ​របរ​ ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច ​ការ​ជួយ​សាង​សង់​លំនៅ​ដ្ឋាន ​ការ​ដោះស្រាយ​ជីវភាព​ចំពោះ​យោធិន​រំសាយ ​ចូល​និវត្តន៍​ បាត់​បង់​សមត្ថ​ភាព​ការងារ ​ពិការ​  និង​ពលី​មរណៈ ​ដែល​បាន​ផ្តល់​ឱកាស​អោយ​អតីត​យុទ្ធជន ​កង​កម្លាំង​ប្រដាប់​អាវុធ ​ព្រម​ទាំង​ក្រុម​គ្រួសារ ​មាន​ធន​ធាន​ដីធ្លី​សម្រាប់​សាង​សង់​លំនៅ​ដ្ឋាន ​និង​ប្រកបរបរ​ធ្វើ​ស្រែ​ចំការ​បង្ក​បង្កើន​ផល​កសិ​កម្ម​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ​និង​រួម​ចំណែក​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​របស់យើង ៕

ដោយ ទិត ស្រ៊​