សង្គមស៊ីវិលផ្នែកជលផលគ្រោងបណ្តុះបណ្តាលប្រជានេសាទផាត់សណ្តាយឲ្យចេះ បំរើសេវាកម្មទេសចរណ៍ ដើម្បីទាញយកចំណូលបន្ថែម

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖

សង្គមស៊ីវិលផ្នែកជលផលគ្រោងបណ្តុះបណ្តាលប្រជានេសាទផាត់សណ្តាយឲ្យចេះ បំរើសេវាកម្មទេសចរណ៍នានា ដើម្បីទាញយកចំណូលក្នុងសេដ្ឋកិច្ចគ្រួសារ ខណៈដែលសហ គមន៍នេះគ្រោងប្រែក្លាយទៅតំបន់អេកូទេសចរណ៍នៅពេលឆាប់ៗ។


នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានឲ្យដឹងថា ក្រុមប្រជាសហគមន៍នេសាទផាត់សណ្តាយបានឯកភាពគ្នាត្រៀមកែច្នៃតំបន់មួយចំនួនឲ្យកា្លយជា តំបន់អេកូទេសចរណ៍តាមរូបភាពរក្សាព្រៃលិចទឹក ការពារជម្រកសត្វស្លាប ជម្រកត្រីមេពូជនិង បង្កើតទូកដឹកជញ្ជូនភ្ញៀវទស្សនាព្រៃលិចទឹក ដើម្បីទាញយកប្រភពចំណូលបន្ថែមក្រៅពីមុខរបរនេសាទ។
លោកឱម សាវ៉ាតនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបាន វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមអង្គការនិងអាជ្ញាធរដែនដីនិងអប់រំប្រជាពលរដ្ឋឲ្យចេះបំរើសេវាកម្ម ទេសចរណ៍មួយចំនួនដូចជាបង្កើតផ្ទះស្នាក់នៅបណ្តែតទឹកសម្រាប់ភ្ញៀវស្នាក់នៅ ដឹកជញ្ជូនភ្ញៀវទស្សនាព្រៃព្រឹក្សាសត្វស្លាបរួមទំាងសេវាកម្មបំរើម្ហូបអាហារគ្មានគីមីពិសេសត្រីដែលរកបាននៅក្នុងសហគមន៍នេះ។
លោកបានបញ្ជាក់ថា នៅពេលប្រជាសហគមន៍ទទួលបានប្រភពចំណូលពីតំបន់នេះ នឹងធ្វើឲ្យពួកគេកាន់តែបង្កើនកិច្ច អភិរក្សដើរល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់យ៉ាងមានប្រសិទ្ធភាព ខណៈដែល វិស័យទេសចរណ៍ផ្តល់ប្រភពបានច្រើន។«អេកូរទេសចរណ៍របស់យើងក៏ រួមចំណែកសំខាន់មួយផងដែរពាក់ព័ន្ធក្នុងការរកចំណូលរបស់សហគមន៍ដោយមានការថែរក្សាបរិស្ថានផង ហើយយើងទទួលបានពីការចូលរួមពីសហគមន៍ផង យើងរៀបចំដើម្បីកំណត់ថា អាចចំណូលបានពីសហគមន៍អេកូរទេសចរណ៍ បែកចែកផលប្រយោជន៍ចំណែកណាខ្លះដែលពាក់ព័ន្ធជាមួយសហគមន៍របស់ពួកគាត់ ដើម្បីឲ្យគាត់មានទឹកចិត្តក្នុងការចូលរួមទី១ជួយថែរក្សាត្រីមេពូជដែលជាជម្រក សម្រាប់ភ្ញៀវដែលមកទស្សនា ។ឲ្យពួកគាត់ចេះថែរក្សាបរិស្ថាន បរិស្ថានជាផ្នែកមួយសំខាន់ សំរាប់ជីវភាពអ្នករស់នៅ លើទឹកផង ដើម្បីបង្ហាញនៅឃុំបណ្តែតទឹកដ៏ទៃទៀត ដើម្បីឲ្យចេះថែរក្សា តំបន់អេកូរទេសចរណ៍ បរិស្ថានស្អាតក្របខណ្ឌនៃសហគមន៍គាត់រស់នៅលើទឹកហើយការទុកដាក់សំរាម ដើម្បីកាត់បន្ថយ ការបំពុលទឹក នៅបឹងទន្លេសាប ហើយក៏ជារឿងសំខាន់មួយដែរ ។»
លោកហេង មនោ មេឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា អាជ្ញាធរឃុំបានគ្រាំទ្រយ៉ាងខ្លំាងចំពោះគម្រោងប្រែក្លាយតំបន់ផាត់សណ្តាយឲ្យ ទៅជាតំបន់អេកូទេសចរណ៍ព្រោះវាបានជួយឲ្យតំបន់នោះកាន់តែមានកិច្ចគាំពារកម្រិត ខ្ពស់លើវិស័យធនធានជលផលព្រៃលិចទឹក និងសត្វស្លាបជាដើម។ លោកបានអៈអាងថា ការការពារបានតំបន់ សហគមន៍នេសាទផាត់សណ្តាយនេះវានឹងក្លាយជាគំរូសម្រាប់យកទៅគ្រប់គ្រងនៅសហគមន៍ នេសាទជាច្រើនទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គម្រោងប្រែក្លាយសហគមន៍នេសាទផាត់សណ្តាយជាសហគមន៍ទេសចរណ៍នេះគឺជាផ្នែកមួយក្នុងគម្រោងបង្កើនជីវភាពរស់នៅ របស់ប្រជានេសាទតាមរយៈការការពារគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ដីសើមក្នុងបឹងទន្លេសាបដើម្បីកសាង សមត្ថភាពរបស់សហគមន៍ បង្កើនការគ្រប់គ្រងធនធានជលផល និងបង្កើនប្រភពមុខរបរ ចម្រុះនៅក្នុងសហគមន៍។តំបន់សហគមន៍នេសាទផាត់សណ្តាយ គឺស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានទំហំផ្ទៃដីប្រហែលជាង៩ពាន់ហិចតា គ្របដណ្តប់ដោយព្រៃលិចទឹកឈើក្រាស់ៗ ម្លប់ត្រឈឹងត្រឈៃ មានសត្វស្លាប និងលំនៅដ្ឋានអ្នកភូមិ ជាង៤ពាន់គ្រួសារ៕