នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត ៖


ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ នៅទី១០ ខែមិថុនា នេះ បានលើកឡើងថា ក្រោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ នៅឆ្នាំ២០១៨ កន្លងមក រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើ វិស័យអាទិភាព៤ ។


ឯកឧត្តម បន្តថា វិស័យអាទិភាពទាំង៤ រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកបដោយចិរភាព និងបរិយាប័ន្ន ក្នុងនោះបានតម្កល់ “មនុស្ស “ជាអាទិភាពទី១ នៅលើគេ ។
ឯកឧត្តម ក៏បានថ្លែងដោយកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូសមិទ្ធិផលធំៗលើគ្រប់វិស័យទូទាំងខេត្តរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ការពារបាននូវបូរណភាពទឹកដី អធិបតេយ្យភាព ជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់៧.៥% កាត់បន្ថយបាននូវភាពក្រីក្រធ្លាក់មកត្រឹម៩% និងលើកស្ទួយជិវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នជាបន្ថែមទៀត៕