ឃុំតាំងដូង​ ខេត្ដ​តាកែវ​ រៀបចំហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋក្នុងឃុំ

វិទ្យុជាតិកម្ពុជា​ ​៖ដោយ​ លោកជួន​ បូណា​៖
លោក ទីវ​ ហួន​ មេឃុំតាំងដូង​ ស្រុកបាទី​ ខេត្ដតាកែវ​ នៅថ្ងៃទី០៩​ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីហូបនំបញ្ចុកជិត២០០​ គីឡូក្រាមជាមួយប្រជាពលរដ្ឋក្នុងឃុំ​របស់ខ្លួន​ ដើម្បីបង្កើតភាពស្និតស្នាល​ និងបង្កើតការជួបជុំជាមួយពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសហូបនំបញ្ចុកជួបជុំជាប្រជាពលរដ្ឋក្នុងឃុំ​ លោក មេឃុំ​ បានឲ្យដឹងថា​ ការហូបនំបញ្ចុកនេះ គឺជាការការរួមគ្នាបង្ហាញពីសាមគ្គីភាព និងដើរតាមបន្ទាប់ត្រឹមត្រូវ ដើម្បីរួមគ្នារក្សាសន្តិភាពនៅក្នុងប្រទេស។

លោក​ មេឃុំ បន្តក្រោយពីប្រជាពលរដ្ឋហូបនំបញ្ចុកនេះ​ ហូបបណ្តើរ ញញឹមបណ្តើរដាក់ដោយក្តីសោមមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរម្យនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ដថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចយកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ។

លោក​ ស្វាយ​ វេង​ ប្រជាពលរដ្ឋក្នុងឃុំតាំងដូង​ បានបង្ហាញអារម្មសប្បាយរីរាយ​ ដែលបានមកហូបនំបញ្ចុកសាមគ្គីនាពេលនេះ​ ដែលគ្មានអ្វីប្រៀប​ផ្ទឹម​បាននោះទេ​ ។

ដូច​គ្នា​នេះ​ដែរ​ លោក​ អ៉ីវ​ សុខ​ ប្រជាពលរដ្ឋក្នុងឃុំតាំងដូង​ បានសម្ដែងការរីករាយដែលឃុំធ្វើការហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋ​ និងបង្កើតការសប្បាយរីករាយ​ និងភាពស្និតស្នាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឃុំ។

លោកបន្ដថា​ ការហូបនំបញ្ចុកនាពេលនេះ​ ឃើញប្រជាពលរដ្ឋចូលហូបយ៉ាងច្រើនកុះករ​ ជាពិសេស​នោះពលរដ្ឋនៅឃុំផ្សេងៗ​ ក៏បានចូលរួមហូបនំបញ្ចុកផងដែរ។
លោបានបញ្ជាក់ទៀតថា​ ការហូបនំបញ្ចុកនេះ​ គឺមានភាពល្អប្រសើរ​ ទាំងសន្ដិសុខ​ សណ្ដាប់ធ្នាប់​ និងមិនមានផលប៉ះពាល់ដល់សុខភាពដល់ពួកគាត់នោះទេ។

លោកស្នើដល់រាជរដ្ឋាភិបាលបង្កើតកម្មវិធីហូបនំបញ្ចុកនេះនៅថ្ងៃទី០៩ខែមិថុនានេះ​ ជារាល់ឆ្នាំផងដែរ។

ជាមួយគ្នានេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវថ្ងៃអាទិត្យ​ទី ៩ មិថុនានេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ នេះបេីយោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅយប់ថ្ងៃទី៨​ មិថុនានេះ។

ទន្ទឹមនឹងនេះ គឺយើងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងផងដែរ៕