អាជ្ញាធរខេត្តបាត់ដំបងសម្រេចសាងសង់អគារសាលាមត្តេយ្យធនធានមួយខ្នងនៅក្នុង ស្រុកបាណន់

វិទ្យុជាតិកម្ពុជា៖លោកសាន់ ឈង ខេត្តបាត់ដំបង៖
អាជ្ញាធរខេត្តបាត់ដំបងសម្រេចសាងសង់អគារសាលាមត្តេយ្យធនធានមួយខ្នងនៅក្នុង ស្រុកបាណន់ដើម្បីបង្កើនការលើកកម្ពស់ការអប់រំកុមារតូចអោយទទួលបានការអប់រំពេញ លេញ។


អគារសាលាមត្តេយ្យធនធាននេះត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំងមានការអញ្ជើញចូលរួមពីរដ្ឋបាលមូលដ្ឋាន មន្ត្រីរាជការ តំណាងសប្បុរសជន និងប្រជាពលរដ្ជ ក្នុងមូលដ្ឋាន ។


លោក ប៉ែន សារិយូ អភិបាល នៃគណៈអភិបាលស្រុក បាណន់ បានឲ្យដឹងថា គម្រោងសាងសង់ សាលាមតេយ្យធនធាននេះមានបន្ទប់ទឹក បង្គន់អនាម័យ បំពាក់សង្ហារឹម ឧបករណ៍ សម្ភារៈ សួនច្បារ មានប្រដាប់ក្មេងលេង គ្រប់ខ្នាត រចនាសម្ព័ន្ធមត្តេយ្យជាតិ ដើម្បី បង្កលក្ខណៈងាយស្រួលដល់ការបង្រៀនការរៀនសូត្ររបស់កុមារតូច។ លោកអភិបាលបានបញ្ជាក់ថា អគារសិក្សានេះគឺជាអំណោយ ដ៏ជ្រះថ្លារបស់សប្បុរសជនខ្មែរនៅរាជធានីភ្នំពេញ គឺលោកវេជ្ជបណ្ឌិត គៅ ហុង និងភរិយា និងលោកស្រី ម៉ារី យ៉ាំហៀតស៊ីក ជាងជនជាតិ ស្វីស។


លោកបានបញ្ជាក់ថា សម្បុរសជនទំាង២គ្រួសារនេះបាន នាំមកនូវគម្រោង ជួយសហគមន៍ជាច្រើននៅក្នុងខេត្ត និងក្រៅខេត្តដូចជា សាងសង់អគារសាលារៀន បង្គន់អនាម័យ អណ្តូងទឹក ស្ពានយោលជាដើម ជាក់ស្តែង ស្ពានយោលនៅក្នុងខេត្តបាត់ដំបងតាមបណ្តោយដងស្ទឹងសង្កែ មានចំនួន ៥ កន្លែង និងនៅបណ្តាខេត្តផ្សេងៗ ទូទាំងប្រទេសមាន ៦០ កន្លែង តាមរយៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ សប្បុរសជនដែលបានលៈបង់នូវទ្រព្យសម្បត្តិថវិកា ចូលរួមក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យអប់រំធនធានមនុស្ស។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ទីតាំងអតីតទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកបាណន់ សម្រាប់សាងសង់ សាលាមត្តេយ្យធនធាននេះ៕