អភិបាលខេត្តព្រះសីហនុ ចូលរួមហូបនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមហូបនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅវត្តព្រីងបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា តាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺនៅថ្ងៃទី០៩ មិថុនា អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ត្រូវរៀបចំហូបនុំបញ្ចុកសាមគ្គី ក្នុងន័យបង្ហាញពីសកម្មភាពសាមគ្គីភាព ឯកភាពជាតិ សេរីភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅខេត្ដព្រះសីហនុ បានរៀបចំហូបនំបញ្ចុកសាមគ្គីនេះនៅតាមភូមិ ឃុំ សាលារៀន មន្ទីរ អង្គភាព វត្តអារាម ជាក់ស្តែងនៅក្នុងវត្តព្រីងបារមីនេះ មានប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជាង ១.០០០នាក់ បានចូលរួមហូបនំបញ្ចុកសាមគ្គី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ គឺយើងមក ជួបជុំគ្នាក្នុងន័យសាមគ្គីភាពក្រោមដំបូលសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ទើបយើងមានឯកភាពជាតិ និង ទទួលបានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានចូលរួមហូបនំបញ្ចុកសាមគ្គីគ្រប់ទីកន្លែងប្រកបដោយបរិយាកាសសប្បាយរីករាយគ្រប់ៗគ្នា។

ដោយឡែកលោក ស កក្កដា អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា សម្រាប់ស្រុកព្រៃនប់ បានរៀបចំនំបញ្ចុកសាមគ្គីនៅតាមភូមិ ឃុំ សាលារៀន វត្តអារាម និងតាមអង្គភាពមួយចំនួនសរុបចំនួន ៤៩ទីតាំង និងមាននំបញ្ចុកសរុប ១១.០០០គីឡូក្រាម ហើយការហូបនំបញ្ចុកនេះ គឺដើម្បីបង្កើនសាមគ្គីភាពក្រោមដំបូលសុខសន្តិភាព ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញមកហូបនំបញ្ចុកឱ្យបានគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ ៕

ដោយ ងូ សុមុនី