ឃុំតាំងដូង ខេត្ដតាកែវ រៀបចំហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋក្នុងឃុំ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ដោយ លោកជួន បូណា
(តាកែវ)៖ លោក ទីវ ហួន មេឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីហូបនំបញ្ចុកជិត២០០ គីឡូក្រាមជាមួយប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន ដើម្បីបង្កើតភាពស្និតស្នាល និងបង្កើតការជួបជុំជាមួយពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសហូបនំបញ្ចុកជួបជុំជាប្រជាពលរដ្ឋក្នុងឃុំ លោក មេឃុំ បានឲ្យដឹងថា ការហូបនំបញ្ចុកនេះ គឺជាការការរួមគ្នាបង្ហាញពីសាមគ្គីភាព និងដើរតាមបន្ទាត់ត្រឹមត្រូវ ដើម្បីរួមគ្នារក្សាសន្តិភាពនៅក្នុងប្រទេស។

លោក មេឃុំ បន្តក្រោយពីប្រជាពលរដ្ឋហូបនំបញ្ចុកនេះ ហូបបណ្តើរ ញញឹមបណ្តើរដាក់ដោយក្តីសោមមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរម្យនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ដថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចយកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ។

លោក ស្វាយ វេង ប្រជាពលរដ្ឋក្នុងឃុំតាំងដូង បានបង្ហាញអារម្មសប្បាយរីរាយ ដែលបានមកហូបនំបញ្ចុកសាមគ្គីនាពេលនេះ ដែលគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ ។

ដូចគ្នានេះដែរ លោក អ៉ីវ សុខ ប្រជាពលរដ្ឋក្នុងឃុំតាំងដូង បានសម្ដែងការរីករាយដែលឃុំធ្វើការហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋ និងបង្កើតការសប្បាយរីករាយ និងភាពស្និតស្នាលជាមួយប្រជាពលរដ្ឋក្នុងឃុំ។

លោកបន្ដថា ការហូបនំបញ្ចុកនាពេលនេះ ឃើញប្រជាពលរដ្ឋចូលហូបយ៉ាងច្រើនកុះករ ជាពិសេសនោះពលរដ្ឋនៅឃុំផ្សេងៗ ក៏បានចូលរួមហូបនំបញ្ចុកផងដែរ។
លោបានបញ្ជាក់ទៀតថា ការហូបនំបញ្ចុកនេះ គឺមានភាពល្អប្រសើរ ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ និងមិនមានផលប៉ះពាល់ដល់សុខភាពដល់ពួកគាត់នោះទេ។

លោកស្នើដល់រាជរដ្ឋាភិបាលបង្កើតកម្មវិធីហូបនំបញ្ចុកនេះនៅថ្ងៃទី០៩ខែមិថុនានេះ ជារាល់ឆ្នាំផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវថ្ងៃអាទិត្យទី ៩ មិថុនានេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ នេះបេីយោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅយប់ថ្ងៃទី៨ មិថុនានេះ។

ទន្ទឹមនឹងនេះ គឺយើងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងផងដែរ៕