ក្រសួងបរិស្ថានប្រារព្ធទិវាកុមារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងស្រឡាញ់បរិស្ថានដល់កុមារ

វិទ្យុជាតិកម្ពុជា៖ លោកវ៉ាងភក្តី

ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គ្រោងនឹងរៀបចំកម្មវិធីក្តីសុបិន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
ការប្រារព្ធពិធីក្នុងឆ្នាំនេះមិនត្រឹមតែដើម្បីជាការអបអរ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៅក្នុងក្រសួងបរិស្ថាន និងកុមារដែលជាកូនរបស់ពួកគាត់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជាឱកាសសម្រាប់មន្រ្តីរាជការ និងកូនៗមន្ត្រីរាជការនៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាធារណជន បានចូលរួមស្វែងយល់ពីបញ្ហាបរិស្ថាន ព្រមទាំងចែករំលែកនូវភាពសប្បាយរីករាយ បង្កើនទំនាក់ទំនង និងចំណងសាមគ្គីភាពរវាងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ឱ្យកាន់តែស្និតស្នាលថែមមួយកម្រិតទៀត។
ការប្រារព្ធទិវានេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាផ្សេងៗស្តីពីសិទ្ធិកុមារ។
ក្រសួងបរិស្ថានជាសមាជិកក្នុងក្រុមការងារដើម្បីកុមារ និងក្នុងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច ដោយបានរៀបចំដាក់បញ្ចូលនូវបញ្ហាកុមារនិងបរិស្ថាន ទៅក្នុងផែនការ យុទ្ធសាស្រ្ត និងផែនការថវិការបស់ក្រសួង ក្នុងគោលបំណងជំរុញលើកកម្ពស់សុខភាពបរិស្ថាន ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ព្រមទាំងទប់ស្កាត់ ការបំពុលនានាដែលនាំឱ្យប៉ះពាល់ដល់ការគាំពារ និងអភិវឌ្ឍកុមារ។
សូមបញ្ជាក់ថា កម្មវិធីក្តីសុបិន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា រៀបចំឡើងដោយសកម្មភាពជាច្រើន ដើម្បីបណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារ តាមរយៈការប្រឡងប្រណាំងផាត់ពណ៌ និងការផ្គុំរូបភាព ការទស្សនាការដាក់តាំងបង្ហាញសំណាកសត្វ និងវីដេអូ (ឯកសារជីវចម្រុះ) ទស្សនាការដាក់តាំងបង្ហាញផ្ទាំងរូបភាពអប់រំ ការសំដែងសិល្បះ«ល្ខោនខោល» ការធ្វើម្ហូប សកម្មភាពកីឡា ការដើរបង្ហាញញម៉ូតសម្លៀកបំពាក់ ការប្រគំតន្ត្រីនិងចម្រៀងកុមារ ការចូលរួមលេងល្បែងកំសាន្តផ្សេងៗជាច្រើនទៀត៕