មន្ត្រីមន្ទីរសុខាភិបាលអប់រំប្រជាពលរដ្ឋឲ្យប្រុងប្រយត្ន័ចំពោះជម្ងឺគ្រុនឈាម

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបើកយុទ្ធនាការដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូស នៅក្រុង ស្ទឹងត្រែងដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋថែទាំសុខភាព ជាពិសេសកូនចៅតូចៗ ប្រុងប្រយត្ន័ចំពោះជម្ងឺគ្រុនឈាម ពីព្រោះជម្ងឺនេះវាអាចធ្វើឲ្យកុមារស្លាប់បាន ប្រសិនបើឪពុកម្តាយឬអាណាព្យាបាល មានការធ្វេសប្រហែស។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានអន្តរាគមន៍ផ្នែកជំងឺឆ្លងបានពន្យល់ថា៖ នៅរដូវភ្លៀងធ្លាក់ បណ្តាលឱ្យស្មៅដុះស៊ុបទ្រុបជុំវិញផ្ទះ និងមានទឹកដក់ កើតជាជម្រកមូស ហើយពេលវាមកខាំមនុស្សអាចគ្រុន បង្កឱ្យក្តៅខ្លួន ដូចនេះចូលបងប្អូនថែទាំកូនចៅ ពេលថ្ងៃឲ្យពាក់ ខោ អាវវែង និង ត្រូវដេកក្នុងមុងជ្រលក់ថ្នាំ ការពារកុំឲ្យមូសខាំ បង្កាជម្ងឹគ្រុនឈាម។
សម្លេង៖អញ្ចឹងដើម្បីការពារជម្ងឺគ្រុនឈាមបានសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារៀបចំបរិស្ថានជុំវិញផ្ទះឱ្យបានល្អដូចជាកន្លែងដក់ទឹកត្រូវលប់បំបាត់ ហើយមួយទៀតសូមឱ្យបងប្អូន មេត្តាចូលរួមសហការជាមួយបណ្តាញ ភ្នាក់ងារសុខាភិបាលសហការជាមួយក្រុម (ក ស យក)ចុះទៅដាក់ថ្នាំអាបែតនេះមេត្តាជួយសម្រួលដើម្បីឱ្យភ្នាក់ងារសុខាភិបាលបានចុះដាក់អាបែតបានគ្រប់ពាង ដើម្បីសម្លាប់ដង្កូវទឹកកុំឱ្យកើតជាមួសខ្លា ដែលងាយ ឆ្លងជម្ងឺគ្រុនឈាម។
លោកលីមីណា ប្រធានដឹកនាំក្រុមយុវជន (ស ក យ ក)ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖
នៅរដូវវស្សាប្រជាពលរដ្ឋយើងមានការព្រួយបារម្ភ ចំពោះការកើតជម្ងឺគ្រុនឈាមនិងគ្រុនចាញ់នេះទោះបីមន្ត្រីសុខាភិបាលបានមកអប់រំឲ្យប្រុងប្រយ័ត្នយ៉ាងណាក៍ដោយ ។លោកថា៖កត្តានេះសូមឲ្យប្រជាពលរដ្ឋយើងចេះធ្វើអនាម័យនៅជុំវិញផ្ទះដើម្បីថែសុខភាព ហើយថ្នាំអាបែតដែលក្រុមការងារមកដាក់ក្នុងទឹក និងការបាញ់ថ្នាំនេះមិនបង្កផលប៉ះពាល់អ្វីទេ។
សម្លេង៖និយាយរួមទៅវាអត់មានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេព្រោះវាជាថ្នាំដាក់ក្នុងគោលបំណងសម្លាប់ដង្កូវទឹកដែលមាននៅក្នុងអាងស្តុកទឹករបស់គាត់ហើយប្រសិទ្ធភាពរបស់ថ្នាំនេះមានរយៈពេល៣ខែអញ្ចឹងក្រុមការងារដែលមានមន្ត្រីសុខាភិបាលរួមជាមួយបងប្អូនស្ម័គ្រចិត្ត(ស ក យ ក)ខ្ញុំនេះនិងដាក់ជូនប្រជាពលរដ្ឋនិងណែនាំគាត់កុំឱ្យលាងដូចជាសម្ភារៈដាក់ទឹកផ្សេងៗដែលយើងដាក់និងរយៈពេលដោយសាប្រសិទ្ធភាពនៃថ្នាំ វាមានប្រសិទ្ធភាពរហូតដល់៣ខែ។
លោកស្រីឡាផល្លី ប្រជាពលរដ្ឋ នៅភូមិបានចុង បញ្ជាក់ថា៖កិច្ចការនេះប្រជាពលរដ្ឋបានអនុវត្តតាមការណែនាំគ្រប់មធ្យោបាយដែលមន្ត្រីសុខាភិបាលបានមកអប់រំផ្សព្វផ្សាយ ហើយក្រោយពីធ្លាក់ភ្លៀង មួយរយៈនេះ បងប្អូនយើងសំអាតបរិស្ថាននៅជុំវិញផ្ទះបានជាប្រចាំ តែមូសនៅតែមាន បង្កឱ្យមានការភ័យព្រួយដែរ។
(សម្លេង)ព្រោះថាឆ្នាំនេះមានជម្ងឺក្រុនឈាមអីច្រើនអញ្ចឹងនាងខ្ញុំជាម្តាយនិងមានការបារម្ភ
ចំពោះកូនដូច្នេះភ័យព្រួយ ឃើញមន្ត្រីសុខាភិបាលបានចុះមកដាក់យ៉ាងដូច្នេះធ្វើឱ្យនាងខ្ញុំសប្បាយ
រីករាយហើយតំណាងប្រជាពលរដ្ឋក្នុងភូមិរបស់ខ្ញុំបាចុងនេះសូមចូលរួមដាក់ឱ្យបានគ្រប់ផ្ទះ។
សូមបញ្ជាក់ថា៖ករណីជម្ងឺគ្រុនឈាន មន្ត្រីសុខាភិបាលបានពន្យល់ថា បើបងប្អូនមានកូនចៅឈឺគ្រុន មានអាការៈក្តៅខ្លួនខ្លាំង មានកំដៅចាប់ពី៣៩ទៅ៤០អង្សា ប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពី២ថ្ងៃឡើង ក្នុងស្ថានភាពមុខឡើងក្រហម ឬមានសញ្ញាព៌ណក្រហមលើស្បែក សូមប្រញាប់រុះរាន់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជួបគ្រូពេទ្យជាបន្ទាន់៕