សេចក្តីថ្លែងការណ៍ចិន – រុស្ស៊ីស្តីពីស្ថិរភាពយុទ្ធសាស្ត្រ ជាសកលបង្ហាញនូវឆន្ទការពារលទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយពីថ្ងៃព្រហស្បតិ៍ថា សេចក្តីថ្លែងការណ៍ស្តីពីការពង្រឹង សិ្ថរភាពយុទ្ធសាស្ត្រជាសកលសម័យបច្ចុប្បន្នរវាងចិន និងរុស្ស៊ីបានបញ្ជូនទៅឱ្យពិភពលោកនូវសារយ៉ាងខ្លាំងមួយរបស់ប្រទេសទាំងពីរ ដើម្បីការពារលទ្ធិពហុភាគីនិយម ​ព្រមទាំងបទបញ្ជាអន្តរជាតិ ។

ចិននិងរុស្ស៊ីកាលពីថ្ងៃពុធ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងស្ថិរភាពយុទ្ធសាស្ត្រជាសកលសម័យបច្ចុប្បន្ន ។ ក្នុងការឆ្លើយតបអ្នកនាំពាក្យលោក Geng Shuang  បាននិយាយថា ចិននិងរុស្ស៊ី ក្នុងឋានៈជាសមាជិកអចិន្ត្រយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មានការទទួលខុសត្រូវនិងកាតព្វកិច្ច ដើម្បីថែរក្សាស្ថិរភាពយុទ្ធសាស្ត្រជាសកល ។

លោក Geng បាននិយាយថា ប្រមុខរដ្ឋប្រទេសទាំងពីរ បានចុះហត្ថលេខានិងចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថិរភាពយុទ្ធសាស្ត្រជាសកល , បរិយាយនូវទស្សនរបស់ខ្លួន ស្តីពីបរិយាកាសសន្តិសុខអន្តរជាតិបច្ចុប្បន្ន ព្រមទាំងបានបង្ហាញនូវជំហររួម របស់ខ្លួន ស្តីពីសន្តិសុខ និងការត្រួតត្រា គ្រឿងសព្វាវុធ  ។

លោកបាននិយាយថា  សេចក្តីថ្លែងការណ៍ក៏បានចង្អុលបង្ហាញផងដែរ នូវទិសដៅសម្រាប់ប្រទេសទាំងពីរធ្វើឱ្យស៊ីជម្រៅជំនឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ​ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ។

នៅពេលឆ្លើយនឹងសំណួរមួយ ស្តីពីចិន និងរុស្ស៊ី​ព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងរបស់ខ្លួនឱ្យទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ នៃការសម្របសម្រួលគ្នាសម្រាប់សករាជថ្មីមួយនោះ លោក Geng  បាននិយាយថា ប្រទេសទាំងពីរ នឹងបង្កើនថែមទៀតការសម្របសម្រួលគ្នាជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ​ព្រមទាំងពង្រឹងការគាំទ្រគ្នាទៅវិញទៅមក ស្តីពីផលប្រយោជន៍យ៉ាងសំខាន់រៀងៗខ្លួន  ។

លោកបាននិយាយថា ចិន និងរុស្ស៊ីនឹងជំរុញទៅមុខកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីធ្វើការរួមគ្នាការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ហើយនឹងធ្វើការជាមួយគ្នា ដើម្បីកសាងបែបថ្មី មួយនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍មួយដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )