វៀតណាមត្រៀមខ្លួនយ៉ាងម៉ត់ចត់សម្រាប់ តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុង UNSC

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយឱ្យដឹងថាវៀតណាមកំពុងត្រៀមរៀបចំយ៉ាងម៉ត់ចត់ និងចែករំលែកបទពិសោធជាមួយបណ្តាប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការស្រាវជ្រាវអន្តរជាតិនានា ដើម្បីត្រៀមខ្លួនចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០-២០២១ ។

លោកស្រី Hang បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងនៅទីក្រុងហាណូយ កាលពីថ្ងៃទី ៦ ខែមិថុនា។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីអាទិភាពរបស់វៀតណាម នៅពេលដែលខ្លួនត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍របស់ UNSC សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ ក៏ដូចជាការរៀបចំរបស់ខ្លួនក្នុងការទទួលយកតួនាទីនេះ លោកស្រី Hang បាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិនឹងជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ថ្មីចំនួន៥ សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២០-២០២១ នៅថ្ងៃទី៧ ខែមិថុនានេះ ហើយវៀតណាមត្រូវបានជ្រើសរើសជាបេក្ខជនតែមួយគត់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់តំណែងនេះ។

លោកស្រីបាននិយាយថា អាទិភាពរបស់ប្រទេសវៀតណាមនឹងត្រូវបានផ្សព្វផ្សាយដោយថ្នាក់ដឹកនាំប្រទេសបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)