ប្រកាសដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ស្រុកបន្ទាយអំពិល

AKP ឧត្តរមានជ័យ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ -នៅសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការ និងប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីសាលាស្រុក ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវនកាយឫទ្ធិ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រមាណ ២៥០នាក់ ។

លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល មានប្រសាសន៍ថា ​ការបង្កើត​ឱ្យ​មាននូវ​ការិយាល័យ​ច្រកចេញ-ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ គឺ​វា​ទាមទារ​ការផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​របស់​មន្ត្រី​សាធារណៈ ដែលជា​អ្នកគ្រប់គ្រង​ទៅជា​អ្នកផ្តល់​សេវា​ពិតប្រាកដប្រកប ដោយ​ភាពរ​ស់រាយ រាក់ទាក់ មាន​មនសិការ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ដែល​កិច្ចការ​ទាំងនេះ​តម្រូវ​ឱ្យ​មាន​ធនធាន​គ្រប់គ្រាន់ មាន​សមត្ថភាព និង​ឆន្ទៈ​បំពេញការងារ ។ កំណែទម្រង់​បែបនេះ​ជា​កំណែទម្រង់​មួយ​ដែល​ឆ្លើយតប​យ៉ាងពិត​ប្រាកដ​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានស្រុកបន្ទាយអំពិល ឱ្យកាន់តែមានភាពងាយស្រួល។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ការិយាល័យ​ច្រកចេញ-ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ក្រុង ស្រុក ខណ្ឌ​គោលដៅ ត្រូវបាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ព្រមទាំង​បាននិង​កំពុងផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​ថ្ងៃនេះការិយាល័យ​ច្រកចេញ-ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅក្នុងស្រុកបន្ទាយអំពិល ត្រូវបាន​រៀបចំ​ពិធី​សម្ពោធនិង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ។

ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា ជាមួយគ្នានេះដែរ ដើម្បី​ផ្តល់ព័ត៌មាន​អំពី​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្តិ គោលការណ៍ នីតិវិធី និង​ព័ត៌មាន​អំពី​ស្តង់ដារ​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា​សាធារណៈរ​បស់រ​ដ្ឋ ព្រមទាំង​សមិទ្ធផល​នានា​នៃ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។ ការផ្តល់​ព័ត៌មាន​ទាំងនេះ នឹង​រួមចំណែក​លើកកម្ពស់ពី​ការ​ចូលរួម​របស់​សហគម​ន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ទាំង​ក្នុង​ដំណើរ​ការផ្តល់សេវា និងទាំង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​មូលដ្ឋាន ។ ប្រព័ន្ធ​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ដើម្បី​ធានា​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាន់​តែមាន​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ក៏ដូចជា​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា និង​ការអភិវឌ្ឍ​នានា​នៅក្នុង​មូលដ្ឋាន ។

ឯកឧត្ដម​បានបញ្ជាក់​ថា ការលើក​កម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​ដើម្បី​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ​ឱ្យ​មាន​សកម្មភាព និង​មាន​សមត្ថភាព​ខ្ពស់ជាង​មុន ក្នុង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​គុណភាព តម្លាភាព គណ នេយ្យភាព ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកស្នើសុំ និង​អ្នកប្រើប្រាស់​សេវា ព្រមទាំង​ពង្រឹង​នូវ​យន្ត​ការទទួល​ព័ត៌មាន និង​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​អ្នកប្រើប្រាស់​សេវា​ដែល​ទាំងនេះ គឺជា​យុទ្ធសាស្ត្រ​ជា​អាទិភាព​ដ៏​សំខាន់​នៅក្នុង​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​បានកំណត់​នៅក្នុង​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល ៕

ដោយ ទិត ស្រ៊