អគារទីស្ដីការក្រសួងទេសចរណ៍ថ្មីកម្ពស់៧ជាន់តម្លៃជិត ២លាន៥សែនដុល្លារបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនៅព្រឹកនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាង​សង់​អគារ​ទីស្ដី​ការក្រសួងថ្មី ដើម្បីបំពេញតម្រូវការការងារក្នុងវិស័យទេសចរណ៍ដែលមានការកើនឡើង។

ពិធីក្រុងពាលីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម  ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

ឯកឧត្តម  ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាង​សង់​ប្រមាណជិត ២.៥លានដុល្លារអាមេរិក។ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ ១៨ខែ ឬ ១ឆ្នាំកន្លះ។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា អគារថ្មីនេះមានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងា​រ​មួយចំនួន​ទៀត។

ឯកឧត្តម ជា បូរ៉ា បានបន្ថែមទៀតថា វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេសចរណ៍​​ក៏កាន់តែរីកធំឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីនេះ សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការផងដែរ៕