សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

វិទ្យុជាតិកម្ពុជា
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានការសោកស្តាយយ៉ាងខ្លាំងដែល ឯកឧត្តម នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុករបស់ឯកឧត្តម កាលពីថ្ងៃទី 31 ខែឧសភាកន្លងទៅនូវសាររំលែកទុក្ខចំពោះមរណភាពលោកឧត្តមសេនិយ៏ ព្រេម ទិនស៊ូឡាណន្ត អតីតនាយករដ្ឋមន្ត្រីថៃ ដោយលើកឡើងថា ៖” ពេលដែលគាត់ (ឧត្តមសេនិយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…”
ការលើកឡើងក្នុងសារនេះបានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងបានធ្វើជាច្រកផ្គត់ផ្គង់សំភារះយោធាដល់កំលាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា10 ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ៕