ប្រមុខការទូតកម្ពុជា លើកឡើងថា កម្ពុជាប្ដេជ្ញាបន្ដពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពឲ្យកាន់តែល្អប្រសើរឡើង

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៦ ០៦ ២០១៩
ភ្នំពេ្៖ ប្រមុខការទូតកម្ពុជា លើកឡើងថា កម្ពុជាប្ដេជ្ញាបន្ដពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីតថភាពពិត ការវិវឌ្ឍពិតនៅកម្ពុជា ក៏ដូចជាប្រវត្តិជាក់ស្តែងរបស់ប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក យ៉ន គ្រីស្តុប ប៊ីយ៉ា(Jean-Christophe Belliard) អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអ៊ឺរ៉ុប នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី៦ ខែមិថុនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ បានលើកឡើងថា កម្ពុជាបានអនុវត្តទៅតាមតួនាទីរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន ដែលគោរពតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពទៅតាមនិតិរដ្ឋរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចយកអធិបតេយ្យភាព និងឯករាជ្យភាព របស់កម្ពុជាប្ដូរជាមួយ EBA នោះឡើយ។
ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បង្ហាញការជឿជាក់ថា របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុននេះ នឹងបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសិទ្ធិមនុស្សពិតប្រាកដ។
សំឡេង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតរំលឹកផងដែរថា កម្ពុជាបានធ្វើការងារទៅតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ៣ ខែ ១២ ឆ្នាំ ២០១៨ ហើយក៏បានជម្រាបជូនភាគីភ្ញៀវអំពីវឌ្ឍនភាពជាច្រើន នៅអ្វីដែលរដ្ឋាភិបាលប្ដេជ្ញានឹងធ្វើ និងពង្រឹងលំហរប្រជាធិបតេយ្យសិទ្ធិសេរីភាពការងារ បញ្ហាវិបត្តិដីធ្លីជាដើម អញ្ចឹងគឺជាឱកាសមួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត់បានជម្រាបជូនពីអ្វីដែលជាវឌ្ឍនភាព មោទនភាព ដែលសុំឲ្យតំណាងបេសកកម្ម EU នេះកត់សម្គាល់ឃើញពីវឌ្ឍនភាពអ្វីដែលរដ្ឋាភិបាលយើងបានសម្រេចបាន ។
បើតាមអ្នកនាំពាក្យដដែលរូបនេះ បានឲ្យដឹងថាលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអ៊ឺរ៉ុបបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតយកចិត្តទុកដាក់ចំពោះទស្សនកិច្ចរបស់គណៈប្រតិភូយ៉ាងកក់ក្ដៅ។
លោកអគ្គលេខាធិការរង បានឲ្យដឹងទៀតថា និងបន្ដកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយ ជូនដល់កម្ពុជាដើម្បីរក្សាបាននៅការអនុគ្រោះពន្ធជាបន្ដទៀត៕