សម្តេចពញាចក្រី ហេង សំរិន ជំរុញសមាជិកសភាសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតឲ្យបានល្អិតល្អន់

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាងភក្តី

ភ្នំពេញ៖   សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជំរុញសមាជិកសភាសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតឲ្យបានល្អិតល្អន់ មុនឈានផ្តល់ ការអនុម័តដាក់ឲ្យប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ការទាញយកផល និងការធ្វើអាជីវកម្មប្រេងកាត ដែលកម្ពុជានឹងមាននាពេលអនាគត។

           ថ្លែងក្នុងសិក្ខាសាលាស្តីពីការស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលរៀបចំឡើងដោយគណៈកម្មការជំនាញរបស់រដ្ឋសភានៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា សមាជិកសភា ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមានដល់សង្គម និងប្រជាពលរដ្ឋ។

  សម្តេចពញាចក្រី មានប្រសាសន៍ថា នៅពេលច្បាប់នេះមានភាពត្រឹមត្រូវ វានឹងនឹងជួយទៅ ដល់និរន្តភាព និងផលប្រយោជន៍យូរអង្វែង ដែលកើតចេញពីវិស័យប្រេងកាត ដោយសារវិស័យនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យប្រជាពលរដ្ឋខ្មែរបានចូលរួម ទទួលបាននូវចំណេះដឹង បទពិសោធន៍ពីការរុករក ការទាញយកផល និងការធ្វើអាជីវកម្មប្រេងកាត ដោយឯករាជ្យក្នុងកម្រិតណាមួយនៅពេលអនាគត។ សម្តេចពញាចក្រី បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ត្រូវស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិប្បរមាដល់សង្គម និងប្រជាពលរដ្ឋ។

សម្តេចពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍ឲ្យបន្តពង្រឹង និងលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភា ដើម្បីធានាថា ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យប្រេងកាត ត្រឹមត្រូវ និងស្របតាមនិយាមបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយគណនេយ្យភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដែលនឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ដែលនឹងជួយបង្កើនល្បឿនអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែលឿនមួយកម្រិតថែមទៀត។

បើតាមការឲ្យដឹងរបស់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ និងសិក្សាយ៉ាងហ្មត់ចត់ទាំងបច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទំាងអនាគតសម្រាប់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាលបញ្ជូនមករដ្ឋសភា ដើម្បីស្នើសុំការអនុម័ត។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ចែកចេញជា៩ជំពួក និង៧២មាត្រា និងឧបសម្ពន្ធ័ចំនួន១។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើង ដោយមានការជួយគំាទ្រផ្នែកបច្ចេកទេសពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍នៅឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែមទៀតពីអ្នកជំនាញការច្បាប់ មកពីក្រុមហ៊ុន ប្រេងកាត និងឧស្ម័នរបស់ប្រទេសជប៉ុន ព្រមទាំងបានកែសម្រួលបន្ថែម ដោយបញ្ចូលបរិបទថ្មីៗមួយចំនួន ផ្អែកលើបទពិសោធន៍ពីបណ្តាប្រទេសនានា។

ក្រុមអ្នកជំនាញ បានលើកឡើងថា រហូតមកទល់ពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដែលមានធនធានប្រេងកាត ទទួលបានពរជ័យពីការទាញយកផល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម  ប៉ុន្តែក៏មានប្រទេសមួយចំនួន ត្រូវរងបណ្តាសារពីការវិនិយោគលើវិស័យនេះផងដែរ ដែលនេះជាបទពិសោធន៍សម្រាប់កម្ពុជា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានា ដែលអាចនឹងកើតមានឡើងដោយចៃដន្យពីការវិនិយោគលើវិស័យនេះ៕