សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកប្រធានអង្គការ ICAPP

វិទ្យុជាតិកម្ពុជា៖  លោកជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Jose de Venecia Jr. និងគណៈប្រតិភូអង្គការ ICAPP នៅវិមានសន្តិភាព នៅកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ។

លោក Jose de Venecia Jr. បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានចូលរួមកិច្ច ប្រជុំកំពូលនៅប្រទេស នេប៉ាល់ កាលពីពេលកន្លងមក ហើយពេលនេះគោលដៅរបស់លោក និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជាគឺដើម្បីគោរពស្នើសុំការពិចារណាពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំកិច្ចប្រជុំកំពូល UPF (Universal Peace Federation) នៅព្រះ រាជាណាចក្រកម្ពុជា ហើយកិច្ចប្រជុំកំពូលអាស៊ី- ប៉ាស៊ីហ្វិកនេះ គឺដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋា ភិបាល និងសង្គមស៊ីវិលផង ដែលមានខ្លឹមសារស្នូលដើម្បីសន្តិភាពនិងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Jose de Vene cia Jr. និងគណៈប្រតិភូសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅថា ICAPP (International Conference of Asian Political Parties) ដែលបានផ្ដល់ការទុកចិត្តចំពោះកម្ពុជា ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កាលប្រជុំកំពូល UPF នៅប្រទេសនេប៉ាល់កន្លងមក បានទទួលជោគ ជ័យនោះ គឺជាកិច្ចប្រជុំលើកទី១ ។ ទន្ទឹមនឹងនេះ ចំពោះកិច្ចប្រជុំលើកទី២ ឆ្នាំនេះដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា គឺ សម្តេចតេជោនាយករដ្ឋ មន្ត្រី បានជម្រាបជូនគណៈប្រតិភូ ICAPP ថា កម្ពុជាស្វាគមន៍នូវកិច្ចប្រជុំនេះ ហើយគប្បីណាត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះករណីប្រធានបទពាក់ ព័ន្ធ ទៅនឹងកិច្ចប្រជុំកំពូល UPF នេះ គឺ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំឲ្យរួមគ្នាពិភាក្សា និងពិចាណាលើខ្លឹមសារឲ្យបានគ្រប់ ជ្រុងជ្រោយ៕