សម្តេចតេជោ ប្រកាសថា ហូបនំបញ្ចុកដើម្បីបង្កើនសាមគ្គីភាព មិនទាក់ទងនឹងរឿង នយោបាយនោះទេ

វិទ្យុជាតិកម្ពុជា៖ លោក ស្រី ផន វាសនា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាហូបនំបញ្ចុកទាំងអស់គ្នា ដើម្បីបង្កើនសាមគ្គីភាពរវាងគ្នានិង គ្នា ។ សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី ៦ មិថុនានេះ។សម្តេចតេជោ បានអំពាវនាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ សម្តេចតេជោ បញ្ជាក់ថា ការទទួលទាននំបញ្ចុករួមគ្នា គឺដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា។ដូច្នេះ សម្តេចតេជោ សូមផ្តាំទៅអ្នកវិភាគមួយចំនួន សូមកុំយករឿងហូបនំបញ្ចុក ទៅភ្ជាប់នឹងរឿងនយោបាយ ព្រោះមានអ្នកខ្លះគិតថា នេះជាជំហាន ឈានទៅរកការចរចារនយោបាយ៕