និស្សិតផ្នែកសុខាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង១.៣០០នាក់ បានទទួលសញ្ញាប័ត្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ -និស្សិតផ្នែកសុខាភិបាលដែលទទួលជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ១.៣៥៦នាក់ ដែលបានបញ្ចប់​ការ​សិក្សា ត្រូវបានទទួលសញ្ញាប័ត្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍កោះពេជ្រ។

តាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា ពិធីប្រគល់សញ្ញាប័ត្រ​នៅថ្ងៃ​នេះ គឺជាការប្រគល់លើកទី៣ហើយ បន្ទាប់ពីសាកលវិទ្យាល័យចាប់ផ្តើមការបណ្តុះបណ្តាល​នៅឆ្នាំ​២០​០៧ ហើយនិស្សិតទទួលសញ្ញាបត្រនាថ្ងៃនេះដែរ មានកម្រិតថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិ​ញ្ញា​បត្រ និងបរិញ្ញាបត្ររងលើជំនាញទន្តបណ្ឌិត ឱសថសាស្ត្រ គិលាននុបដ្ឋាក និងឆ្មប។ ទន្ទឹមនេះ និស្សិតដែលបញ្ចប់ការសិក្សា​ដោយ​ជោគជ័យនេះ មាននិ​ស្សិ​ត​​ជាច្រើន បានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្តនៅតាមបណ្តាសាកលវិទ្យា​ល័​យ​ និង​វិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេសមានដូចជា ប្រទេសកូរ៉េ, ចិន, ​ជ​ប៉ុ​ន និង សហរដ្ឋអាមេរិក។

ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ បាន​ថ្លែងថា ពិធីប្រគល់សញ្ញាប័ត្រនេះ ជាការអបអរសាទរដល់និស្សិតដែលបាន​បញ្ចប់​កា​រ​សិក្សា​ដោយជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងសិក្សា បូករួមទាំងការតាំង​ចិត្តដ៏​មោះ​មុត និង​បានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីសម្រេចក្តីស្រ​មៃ​របស់ពួក​គេ​ គឺសុទ្ធ​តែជាសម្ធិផលដែលគួរឱ្យកោតសរសើរសម្រាប់ពួកគេក្នុងនាមជានិស្សិត​។ ជាងនេះ​ទៀ​ត ការប្រគល់សញ្ញាប័ត្រនេះ ជាការបោះជំហ៊ានទៅមុខមួយជំហ៊ា​នទៀតរបស់​និស្សិតជ័​យ​លាភី​គ្រប់រូបឆ្ពោះទៅកាន់ការចាប់ផ្តើមប្រឡូកក្នុងអាជីពការងារ ដែលសង្គមកំពុងត្រូវការនូវ​ធន​​ធានមនុស្ស ដើម្បីការអភិវឌ្ឍនៅក្នុងប្រទេស។ ឯកឧត្ដមបានគូស​បញ្ជាក់​ថា សាកលវិទ្យា​ល័យ​ពុទ្ធិសាស្ត្រ បាបង្កើតឡើងនៅឆ្នាំ២០០៧ មកដល់ពេលបច្ចុប្បន្ន​មាន​រយៈ​ពេល​ ១២ឆ្នាំ​ហើយ ហើយសាកលវិទ្យាល័យបានវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែរឹងមាំ​នៅ​ក្នុង​ការ​ពង្រឹងគុណភាពទៅលើវិស័យអប់រំធនធានមនុស្ស។ ឯកឧត្ដមបានបន្ដថា សមិទ្ធផលដ៏ជោគ​ជ័យ​ជាច្រើន​បា​ន​​កើត​មានជាបន្តបន្ទាប់ ក្នុងនោះនិស្សិតផ្នែកទន្តសាស្ត្រជំនាន់ទី១ បាន​ប្រឡងជាប់មានចំនួន១​០០​ភាគរយ និងនិស្សិតផ្នែកឱសថសាស្ត្រ បានប្រឡងជាប់មានចំនួន ៩៩ភាគរយ នៅក្នុង​កា​រ​ប្រឡងចេញថ្នាក់ជាតិនាឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ពុទ្ធិ​សា​ស្ត្រ មាននិស្សិតកំពុងសិក្សាមានចំនួន ១.៨២៥​នាក់ និងចាប់ពី​ឆ្នាំសិក្សា២០០៦-២០០៧ មក​ដល់ឆ្នាំសិក្សា ២០១៨-២០១៩ មាននិស្សិត​ដែល បានបញ្ចប់ការសិក្សាដោយជោគជ័យ​មា​ន​ចំ​នួន ៣.៤២៣នាក់៕

ដោយ ជឹម ណារី